ភ្នំពេញ ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ឆ្នាំ២០២១ គយ ប្រមូលចំណូលបាន ៩,២៩៥.៧ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២,២៩៥.២ លានដុល្លារ) ថយចុះប្រមាណ ៥.១% បើធៀបនឹងចំណូលប្រមូលបាន កាលពីឆ្នាំ២០២០។ យោងតាមលិខិតរបស់ គយ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ គយ និងរដ្ឋាករកម្ពុជា ប្រចាំឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១០ កុម្ភៈ លោក គុណ ញឹម បានថ្លែងថា «គយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៩,២៩៥.៧ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២,២៩៥.២ លានដុល្លារអាមេរិក) ថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។ លទ្ធផលនេះគឺសម្រេចបាន ៩៧.១% នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១»។

នាឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ ក្នុងការសម្រេច បាននូវលទ្ធផលល្អប្រសើរលើគ្រប់ការដ្ឋានការងារ ទោះបីជាបានឆ្លងកាត់នូវការប្រឈមខ្លាំងពីការរាលដាលជំងឺកូវីដ-១៩ និងបានថ្លែងនូវការគាំទ្រ យ៉ាងពេញទំហឹង ដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រាប់ការអនុវត្តការងារនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត។

លើសពីនេះ លោក ឧបនាយករដ្ឋមន្ដ្រី បានណែនាំទៅដល់ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា មួយចំនួនដូចជា ៖ បន្តធ្វើសាមញ្ញកម្មនីតិវិធី ស្របតាមជំនួយបច្ចេកទេសដែល អគរ កំពុងទទួលបានពីដៃគូអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះក្នុងស្មារតីទទួលខុសត្រូវ និងមានភាពជាម្ចាស់ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម។

ជាពិសេស លើកកម្ពស់ប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបបទល្មើសឱ្យបានសកម្មដូចភ្លៀងរលឹមទាំងនៅដើមទី កណ្តាលទី និងចុងទី ដោយរាប់បញ្ចូលទាំងការ បង្ក្រាបទំនិញ ក្លែងក្លាយ, ទំនិញល្មើសសិទ្ធិចែកចាយផ្ដាច់មុខ, ទំនិញដែលអាចត្រូវបានប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀន, និងការសហការ ជាមួយ អង្គភាព ពាក់ព័ន្ធ ក្នុងការកំណត់មុខសញ្ញាករណីសង្ស័យបទល្មើស សម្អាតប្រាក់ជ្រកក្រោមរូបភាពពាណិជ្ជកម្ម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ