សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សម្តេចត្រៀមខ្លួនជានិច្ច បន្តធ្វើការជាយ៉ាងជិតស្និត ជាមួយភាគីវៀតណាមក្នុងការដោះស្រាយបញ្ហានានាដែលបម្រើដល់ផលប្រយោជន៍រួម។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះ ជំនួបសម្តែងការគួរសប់របស់ លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងទើបតែងតាំងថ្មី នៃក្រសួងនគរបាល អមស្ថានទូតវៀតណាមប្រចាំព្រះរាជណាចក្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងនូវការស្វាគមន៍ចំពោះ លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាមតែងតាំង ជាប្រធានស្ថានតំណាងថ្មីអមស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមទៀតថា ក្រោមការដឹកនាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំង២បានបង្ករលក្ខខណ្ឌល្អប្រសើរដល់ការពង្រឹង ពង្រីក ទំនាក់ទំនងរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានបង្ហាញជំនឿយ៉ាងមុតមាំថា តាមរយៈបេសកកម្មរបស់លោក ឧត្តមសេនីយ៍ត្រី ពិតជានឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាមកាន់តែរីកចម្រើនឡើងថែមទៀត។ 

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេង  ក៏សូមផ្តាំផ្ញើរសាកសួរសុខទុក្ខ ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងនគរបាលវៀតណាមក្នុងឱកាសឆ្នាំថ្មីប្រពៃណីយជាតិវៀតណាម សូមបានប្រកបដោយសេចក្តីសុខ  សុភមង្គល ព្រមទាំងជោគជ័យគ្រប់ភារកិច្ចក្នុងបេសកកម្មដ៏ឧត្តុងឧត្តមលើបុព្វហេតុជាតិ និងប្រជាជន។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាត ឱ្យលោកចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលត្រូវបានតែងតាំងជាប្រធានស្ថានតំណាងថ្មីអមស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកឧត្តមសេនីយ៍ត្រីបានបង្ហាញការប្តេជ្ញាចិត្ត ត្រៀមខ្លួន និងស្មារតីលើផែនការសហប្រតិបត្តការដល់ក្រសួងមហាផ្ទៃកម្ពុជា ក្រសួងនគរបាលវៀតណាម ព្រមទាំងត្រៀមខ្លួនជានិច្ចពង្រឹង ពង្រីកកិច្ចសហប្រិតបត្តិការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្រោមដែនសមត្ថកិច្ចទទួលខុសត្រូររបស់ក្រសួងមហាផ្ទៃ និងអនុសាសន៍ដឹកនាំរបស់សម្តេចក្រឡាហោម។

ជាទីបញ្ចប់សម្តេចក្រឡាហោម ស ខេង សូមអបអរសាទ និងជូនពរ លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿងមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងភារកិច្ច ជាប្រធានស្ថានតំណាងទើបតែងតាំងថ្មី នៃក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំព្រះរាជណាចក្រកម្ពុជា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ