បុគ្គលិក Samsung គំរាមធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ
កូរ៉េខាងត្បូង ៖ សហជីពបុគ្គលិកក្រុមហ៊ុន Samsung electronics លើកឡើងថា សមាជិករបស់ខ្លួននឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ក្រោយពីពួកគេមិនអាចព្រមព្រៀងគ្នាជាមួយក្រុមហ៊ុនទាក់ទងនឹងការទាមទារដំឡើងប្រាក់ខែ ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន bangkokbiznews នៅថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៣។
សហជីពបុគ្គលិកក្រុមហ៊ុន Samsung ដែលបានធ្វើជាតំណាងឱ្យបុគ្គលិក Samsung ជាង១ម៉ឺននាក់បាននិយាយនៅបរិវេណខាងក្រៅអគារមួយកន្លែងរបស់ Samsung នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី៤ ខែឧសភាថា ផ្នែកគ្រប់គ្រងក្រុមហ៊ុន Samsung បានបដិសេធការចរចាដំឡើងប្រាក់ខែ ហើយសហជីពបានអំពាវនាវឱ្យលោក Lee Jae-young ប្រធានក្រុមហ៊ុន Samsung ចូលរួមការចរចាផងដែរ ។
ចំណែកអ្នកនាំពាក្យក្រុមហ៊ុន Samsung និយាយថា ខាងក្រុមហ៊ុនកំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ និងវាយតម្លៃស្ថានការណ៍ដោយប្រុងប្រយ័ត្ន ។ បើបុគ្គលិកនាំគ្នាធ្វើបាតុកម្មតាមការគំរាមរបស់សហជីពបុគ្គលិកក្រុមហ៊ុន Samsung មែននោះ គឺចាត់ទុកថា វាជាបាតុកម្មលើកដំបូងចាប់ពីក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ១៩៦៩ ។
យ៉ាងណាមិញ សហជីពបុគ្គលិកក្រុមហ៊ុន Samsung បង្ហាញថា សហជីពបានស្នើឱ្យក្រុមហ៊ុន Samsung ដំឡើងប្រាក់ខែឱ្យបុគ្គលិកចំនួន៦% ប៉ុន្តែក្រុមហ៊ុន Samsung បញ្ជាក់ថា ក្រុមហ៊ុននឹងដំឡើងប្រាក់ខែបុគ្គលិកត្រឹមតែ៤% ប៉ុណ្ណោះ៕