ខេត្តបន្ទាយមានជ័យ ៖ ករណីនេះបាន កើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ។

ប្រភពឱ្យដឹងថា ជនរងគ្រោះខាងលើ ឈ្មោះ ជុំ សេដ្ឋា ភេទប្រុស អាយុ៥៨ឆ្នាំ ដែលមានឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ត្រី មានតួនាទីមេបញ្ជាការរងនិងនាយសេនាធិការកងពលតូចថ្មើជើងលេខ៥១។

មន្ត្រីនគរបាលចរាចរណ៍ជើងគោកនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅបានប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍ កើតឡើងគឺជនរងគ្រោះបានបើកបររថយន្តនីស្សាន់ ស៊េរីទំនើប២បាំង ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ07 2-3405 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ហើយឡើងជេងឆ្វេងរថយន្តធុនធំ១គ្រឿង ដែលបើកបរក្នុងទឹសដៅស្របគ្នា ទៅកៀររថយន្តកូរ៉េដែលបើកបរបញ្ច្រាសគ្នា ពីលិចមកកើតហើយរេចង្កូតទៅបុកមង្គោលភ្លើងខាងត្បូងផ្លូវ បណ្តាលបាក់ដួលសង្កត់ផ្ទះគេ បណ្តាលអ្នកបើកបររបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់ទៅមន្ទីពេទ្យកងពលតូចថ្មើរជើងលេខ៥១ ស្រុកព្រៈនេត្រព្រៈ ។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺបណ្តាលមកពីជនរងគ្រោះបើកបរក្នុងល្បឿនលឿន ហើយឡើងជេងមិនប្រុងប្រយ័ត្នទៅកៀរថយន្តមកពីខាងមុខ ហើយទៅបុកមង្គោលភ្លើងបណ្តាលបាក់ហើយរបួសធ្ងន់អ្នកបើកបរនិងរថយន្តខូចខាតផ្នែកខាងមុខធ្ងន់ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ