អាមេរិក៖ កាលពីដើមខែមករាកន្លងទៅ វិមានកាពីតូល ធ្លាប់ត្រូវក្រុមគាំទ្រលោកដូណាល់ ត្រាំ ភាគច្រើនជាក្រុមស្តាំនិយមជ្រុល និងក្រុមគាំទ្រ សាសន៍ស្បែកស សម្រុកចូលលុកលុយ ពេញអគារ។ ប៉ុន្តែ ការវាយប្រហារនៅថ្ងៃសុក្រ ហាក់មិនជាប់ពាក់ព័ន្ធនឹងក្រុមជ្រុលនិយម គាំទ្រ សាសន៍ស្បែកសនោះទេ។

បើតាមរាយការណ៍ នៅថ្ងៃសុក្រ ប៉ូលិសមិនបានបង្ហាញ អត្តសញ្ញាណជនដៃដល់ដែលបានបើកឡានបុក និងចាក់សម្លាប់ប៉ូលិសយាមវិមានកាពីតូល ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអាមេរិកាំងបានសរសេរថា ឧក្រិដ្ឋជនជាជនជាតិអាមេរិកាំងស្បែកខ្មៅ អាយុ ២៥ឆ្នាំ ដែលធ្លាប់ប្រើថ្នាំញៀន ហើយនិងធ្លាប់មានសមានចិត្តគាំទ្រ មេដឹកនាំចលនាជាតិអ៊ីស្លាម នៅអាមេរិកដែលឧស្សាហ៍រងការរិះគន់ថា មានជំហរប្រឆាំងជនជាតិជ្វីហ្វ។

តាមប្រធានប៉ូលិស វ៉ាស៊ីនតោន ការវាយប្រហារលើកនេះអាចមិនមែនជាការវាយប្រហារភេរវកម្ម ប៉ុន្តែប៉ូលិសនៅតែបន្ត ការស៊ើបអង្កេតតទៅទៀត។

ដោយឡែក ការវាយប្រហារ ដោយបើកឡានបុក និងចាក់សម្លាប់ប៉ូលិសយាមវិមានកាពីតូល កើតឡើងនៅពេលដែល សមាជិកសភាអាមេរិក សម្រាកវិស្សមកាល ប៉ុន្តែ វិមានកាពីតូលនៅតែមានបុគ្គលិក និងអ្នកកាសែតបន្តធ្វើការ ។ 

សម្រាប់ប្រធានប៉ូលិសកាពីតូល លោកស្រី Yogananda Pittman ប៉ូលិសកាពីតូលឆ្លងកាត់ពេលវេលាដ៏លំបាក ចាប់តាំងពីមានព្រឹត្តិការណ៍ សម្រុកចូលវិមានកាពីតូល កាលពីថ្ងៃទី ៦មករា ហើយ ព្រឹត្តិការណ៍ដែលធ្វើឲ្យដែលអ្នកជួបផ្ទាល់ នៅរន្ធត់ចិត្ត ខ្លាំងនៅឡើយ។

យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍ លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា លោកស្លុតចិត្តដោយសារហេតុការណ៍ កាលពីថ្ងៃសុក្រ។ ប្រធានាធិបតី អាមេរិកបានបន្ថែមថា វិមានកាពីតូលកំពុងជួបការលំបាក មិនថាសម្រាប់អ្នកដែលធ្វើការ និងអ្នកដែលមាននាទីយាមវិមានកាពីតូល។ 

គួរបញ្ជាក់ថា ប្រធានាធិបតី អាមេរិកបានបញ្ជាឲ្យគេទម្លាក់ទង់ជាតិមកនៅពាក់កណ្តាលដង នៅសេតវិមាន ចំណែកលោកស្រីណាន់ស៊ី ប៉េឡូស៊ី បានបញ្ជាឲ្យធ្វើដូចគ្នានេះដែរ នៅវិមានកាពីតូល ដើម្បី រំលឹកគុណដល់មន្រ្តីប៉ូលិស ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារ វិមានកាពីតូលនៅថ្ងៃម្សិលមិញ។

គួររម្លឹកថា ការសម្រុកចូល លុកលុយរបស់ក្រុមគាំទ្រលោកដូណាល់ ត្រាំ ដែលបានសម្លាប់មនុស្ស ៥នាក់ និងចាប់ខ្លួន មនុស្សជាង ៣០០នាក់ សន្តិសុខនៅវិមានកាពីតូល ត្រូវបានពង្រឹងបន្ថែមជាមួយលួសបន្លា ជញ្ជាំងថ្មខ្ពស់ៗ និងវត្តមានរបស់ឆ្មាំការពារជាតិ នៅជុំវិញអគារកាពីតូល។ ប៉ុន្តែការវាយប្រហារ នៅថ្ងៃម្សិលមិញ បង្ហាញឲ្យឃើញថា ទោះស្ថិតក្រោមការយាម ពង្រឹងសន្តិសុខនៅមុខកាពីតូល ដែលជាស្ថាប័ន ច្បាប់ កំពូលរបស់អាមេរិក នៅតែអាចរងការវាយប្រហារ គ្រប់ពេលវេលា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ