ប៉ូលីសហុងកុង បានវាយឆ្មក់ស្នាក់ការកាសែត Apple Daily និងចាប់ខ្លួនមនុស្ស៥នាក់
ហុងកុង៖ នៅថ្ងៃព្រហស្បតិ៍នេះ ប៉ូលីសហុងកុងបានឆ្មក់ចូលការិយាល័យកាសែត Apple Daily ដែលជាសារព័ត៌មានមួយមានទំនោរទៅខាងប្រជាធិបតេយ្យ ហើយបានចាប់ខ្លួននាយកប្រតិបត្តិចំនួន ៥នាក់នៅក្រោមច្បាប់សន្តិសុខជាតិ ក្នុងនោះមានទាំងនិពន្ធនាយករបស់ខ្លួនគឺលោក Ryan Law៕ នេះបើយោងតាមសារព័ត៌មាន Apple Daily ចុះផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
ការចាប់ខ្លួននេះគឺជាប្រតិបត្តិការចុងក្រោយរបស់ប៉ូលីសហុងកុង ដែលផ្តោតលើកាសែតដែលពេញនិយមដែលបានគាំទ្រដល់ចលនាលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំ។
ប៉ូលីសបាននិយាយថា នាយកប្រតិបត្តិចំនួន ៥ នាក់របស់កាសែតនេះត្រូវបានចាប់ខ្លួន «ពីបទឃុបឃិតជាមួយប្រទេសបរទេស ឬជាមួយធាតុខាងក្រៅ ដើម្បីបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ» ។ ប្រភពពីប៉ូលីសបានបញ្ជាក់ប្រាប់ AFP ថាពួកគេទាំង ៥ នាក់ជានាយកប្រតិបត្តិមកពីក្រុមហ៊ុន Next Digital ដែលជាក្រុមហ៊ុនមេរបស់កាសែត Apple Daily ។
កាសែត Apple Daily បាននិយាយថាលោក Ryan Law ស្ថិតក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួន។ កាសែតនេះផ្សាយផ្ទាល់នូវរូបភាពនៃការវាយឆ្មក់របស់ប៉ូលីសនៅលើគណនីហ្វេសប៊ុករបស់ខ្លួន។ តាមរយៈវីដេអូ Live នោះគេអាចមើលឃើញមន្ត្រីប៉ូលីស កំពុងរុះរើអគារហើយដើរឆ្លងកាត់អាគារ។
គួរបញ្ជាក់ថា នេះជាការវាយឆ្មក់លើកទី ២ លើកាសែត Apple Daily ក្នុងរយៈពេលមិនដល់មួយឆ្នាំផង។
គួររម្លឹកថា មហាសេដ្ឋីលោក Jimmy Lai ជាម្ចាស់របស់កាសែត Apple Daily ត្រូវបានចោទប្រកាន់ពីបទឃុបឃិត បន្ទាប់ពីការវាយឆ្មក់មួយកាលពីខែសីហាកន្លងទៅ ។ បច្ចុប្បន្ននេះគាត់កំពុងជាប់ពន្ធនាគារពាក់ព័ន្ធបទល្មើសជាច្រើនសម្រាប់ការចូលរួមបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យផ្សេងៗដែលបានធ្វើឱ្យរង្គោះរង្គើទីក្រុងហុងកុងកាលពី ២ ឆ្នាំមុន ៕RT