ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump គ្រោងប្រើយោធាបណ្តេញជនចំណាកស្រុករាប់លាននាក់
បរទេស ៖ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានបញ្ជាក់ថា លោកគ្រោងនឹងប្រកាសភាពអាសន្នជាតិ ស្តីពីសន្តិសុខតាមព្រំដែន និងប្រើប្រាស់យោធាសហរដ្ឋអាមេរិក ដើម្បីធ្វើការនិរទេសជនចំណាកស្រុកគ្មានឯកសារ រាប់លាននាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ វិច្ឆិកា ២០២៤។
លោក Trump បានត្រលប់មកគ្រងតំណែងប្រធានាធិបតីឡើងវិញ បន្ទាប់ពីបានផ្តួលគូប្រជែង លោកស្រី Kamala Harris អំឡុងការបោះឆ្នោត កាលពីថ្ងៃទី៥ខែ វិច្ឆិកា ។
អន្តោប្រវេសន៍ គឺជាបញ្ហាកំពូល នៅក្នុងយុទ្ធនាការបោះឆ្នោត ហើយលោក Trump បានសន្យាថា នឹងនិរទេសមនុស្សរាប់លាននាក់ និងរក្សាស្ថិរភាពព្រំដែន ជាមួយម៉ិកស៊ិក បន្ទាប់ពីចំនួនជនចំណាកស្រុកឆ្លងកាត់ខុសច្បាប់បានកើនឡើង ក្នុងអំឡុងពេលរដ្ឋបាល របស់ប្រធានាធិបតី Joe Biden ។
នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social នាពេលថ្មីៗនេះ លោក Trump បានពង្រីកការបង្ហោះជាថ្មីម្តងទៀត ជុំវិញរឿងនេះ ដោយរំលេចពីសកម្មជនអភិរក្សនិយម ហើយបាននិយាយថា «ប្រធានាធិបតីជាប់ឆ្នោតត្រូវរៀបចំ ប្រកាសភាពអាសន្នជាតិ ហើយនឹងប្រើប្រាស់កម្លាំងយោធា ដើម្បីប្រឆាំងនឹងការឈ្លានពាន តាមរយៈកម្មវិធីនិរទេសដ៏ធំ» ។
លោក Trump បានកំពុងត្រៀមប្រកាសគណៈរដ្ឋមន្ត្រីមួយ ដែលមានសមាជិកដាច់ណាត់ផ្នែកអន្តោប្រវេសន៍មួយរូប ដោយលោកបានតែងតាំង អតីតប្រធានស្តីទីផ្នែកអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ គឺលោក Tom Homan ជា «អ្នកត្រួតត្រាព្រំដែន» របស់លោក។
យ៉ាងណាមិញ អាជ្ញាធរបានប៉ាន់ប្រមាណថា មនុស្សប្រមាណ ១១លាននាក់កំពុងរស់ នៅក្នុងសហរដ្ឋអាមេរិក ដោយខុសច្បាប់។ ផែនការនិរទេសដ៏ធំ របស់លោក Trump ត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដោយផ្ទាល់ ដល់ប្រជាជនប្រហែល ២០ លាននាក់៕RT