តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា គ្រោងនឹងបណ្តេញរដ្ឋមន្ត្រីកំពូលៗមួយចំនួនចេញពីតំណែង បន្ទាប់ពីត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញរឿងអាស្រូវរៃអង្គាសប្រាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ធ្នូ ២០២៣។ 

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ដែលកំពុងប្រឈមនឹងការរិះគន់សន្យាថា នឹងស្ដារទំនុកចិត្តលើរដ្ឋាភិបាលរបស់លោកឡើងវិញ ចំពេលមានសេចក្តីរាយការណ៍ថា លោកកំពុងរៀបចំផែនការដករដ្ឋមន្ត្រីជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវរៃអង្គាសប្រាក់ ដែលបានក្លាយជាដើមហេតុ បង្កើតឲ្យមានផលប៉ះពាល់ថ្មី សម្រាប់ការគាំទ្រសាធារណៈដែលធ្លាក់ចុះរបស់លោក។

ការស្ទង់មតិដែលបានចេញផ្សាយបានបង្ហាញថា ការគាំទ្ររដ្ឋាភិបាលរបស់លោក គីស៊ីដា បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោកបានចូលកាន់តំណែងនាយករដ្ឋមន្រ្តីជប៉ុន កាលពី ២ឆ្នាំមុន។

ដៃគូចម្រុះរបស់គណបក្ស LDP បានព្រមានថា ការបំពានច្បាប់ណាមួយ នឹងមិនត្រូវបានអត់ឱនឲ្យនោះទេ ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា គណបក្សប្រឆាំងដ៏ធំកំពុងរៀបចំអំពាវនាវឲ្យមានញត្តិដកទំនុកចិត្ត ចំពោះរដ្ឋបាលរបស់លោក គីស៊ីដា។

ទោះបីជាយ៉ាងណា លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា យើងនឹងពិចារណាវិធានការសមស្រប នៅក្នុងពេលវេលាដ៏ត្រឹមត្រូវ ដើម្បីស្តារទំនុកចិត្តសាធារណៈឡើងវិញ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ