កាប៊ុល៖ ក្រុមតាលីបង់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានហៅការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានថា ជាការផ្លាស់ប្តូរដ៏ល្អមួយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលក្រុមនេះបានចេញនៅខួបលើកទី ២០ នៃការលុកលុយរបស់អាមេរិកនៅប្រទេសអាស៊ីខាងត្បូងមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារ CGTN នៅថ្ងៃទី០៨ តុលា ២០២១៕

សេចក្តីថ្លែងការណ៍ដែលត្រូវបានបង្ហោះដោយអ្នកនាំពាក្យតាលីបង់លោក ហ្សាប៊ីហ៊ូឡា ឡាមូចាហ៊ីដ បានបន្ថែមថា ការចាកចេញរបស់អាមេរិកបានផ្ញើសារយ៉ាងច្បាស់ទៅកាន់អ្នកផ្សេងទៀតអំពីផលវិបាកធ្ងន់ធ្ងរ នៃការឈ្លានពានអាហ្វហ្គានីស្ថាន។ លោក មូចាហ៊ីដ បាននិយាយថា ការលុកលុយរបស់អាហ្វហ្គានីស្ថានរបស់អាមេរិកមិនផ្តល់លទ្ធផលល្អទេ ប៉ុន្តែគ្រាន់តែបណ្តាលឱ្យមានមនុស្សស្លាប់និងរបួស ព្រមទាំងដួលរលំសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងថា ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់បានស្លាប់ ឬ រងរបួស និងផ្លាស់ទីលំនៅ ដោយសារការលុកលុយនេះ។ 

លោកបន្តថា តាលីបង់សង្ឃឹមថា អង្គការសហប្រជាជាតិ រួមជាមួយប្រទេសអ្នកមានបំផុតនៅលើពិភពលោក និងអង្គការដទៃទៀត នឹងជួយដល់ប្រជាជនអាហ្វហ្គានីស្ថាន ប៉ុន្តែបានសង្កត់ធ្ងន់ថា ជំនួយបែបនេះមិនគួរត្រូវបានប្រើជាឧបករណ៍នយោបាយ ដើម្បីដាក់សម្ពាធប្រទេសខ្លួននោះទេ។ វាសនារបស់អាហ្វហ្គានីស្ថាន ត្រូវតែសម្រេចដោយប្រជាជនអាហ្វហ្គានីស្ថានខ្លួនឯងផ្ទាល់ នេះបើតាមការអះអាងសាជាថ្មីរបស់អ្នកនាំពាក្យតាលីបង់។

គួរបញ្ជាក់ថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០១ សហរដ្ឋអាមេរិកបានចាប់ផ្តើមសង្គ្រាមជាផ្លូវការនៅអាហ្វហ្គានីស្ថាន។ គិតត្រឹមពេលដែលទាហានអាមេរិចចុងក្រោយបានដកខ្លួនចេញពីប្រទេសនេះនៅថ្ងៃទី៣០ ខែសីហា សង្រ្គាមបានអូសបន្លាយរយៈពេល ១៩ ឆ្នាំ និង ៨ ខែ ដោយចំណាយសរុបជាង ២ ទ្រីលានដុល្លាររួមជាមួយជីវិតរបស់ទាហានប្រហែល ២ពាន់៥រយនាក់ និង ជនស៊ីវិល ៧ម៉ឺន១ពាន់នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ