ហ្សឺណែវ៖ គណៈកម្មការអង្គការសុខភាពពិភពលោក (WHO) បានណែនាំអោយប្រើថ្នាំចំនួនពីរប្រភេទ ដែលផលិតឡើងដោយក្រុមហ៊ុន Eli Lilly និង GlaxoSmithKline ដែលសហការផលិតជាមួយក្រុមហ៊ុន Vir Biotechnology ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Rueter នៅថ្ងៃទី១៤ មករា ២០២២។

ទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា វីរុស អូមីក្រុង ដែលអាចទម្លុះប្រព័ន្ធភាពសុំាបង្កើតឡើងដោយវ៉ាក់សាំងជាច្រើន ត្រូវបានគេរកឃើញវត្តមាននៅក្នុងប្រទេសចំនួន១៤៩ហើយ ដោយក្នុងប្រទេសខ្លះករណីឆ្លងមេរោគបំប្លែងថ្មីនេះបានគ្របដណ្ដប់លើករណីឆ្លងវីរុស ឌែលតា ដែលប្រការនេះកំពុងធ្វើឱ្យបណ្ដារដ្ឋាភិបាលនានា បង្ខំចិត្តដាក់ចេញថ្មីនូវវិធានការរឹតត្បិត និងបង្កើនល្បឿនចាក់វ៉ាក់សាំង ព្រមទាំងកែសម្រួលការព្យាបាល។

គណៈកម្មការអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ថ្នាំ baricitinib ដែលដាក់លក់នៅលើទីផ្សារក្រោមឈ្មោះ Olumiant របស់ក្រុមហ៊ុន Eli Lilly គួរតែប្រើ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩មានរោគសញ្ញាធ្ងន់ រីឯថ្នាំរបស់ក្រុមហ៊ុន GlaxoSmithKline និងក្រុមហ៊ុន Vir Biotechnology គួរតែប្រើសម្រាប់ការព្យាបាលអ្នកជំងឺមានរោគសញ្ញាស្រាល ឬមិនសូវធ្ងន់ធ្ងរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ