គិតមកទល់ពេលនេះមានរយៈពេលជាង១០ថ្ងៃហើយ ដែលឃាតករជាអ្នករត់កង់បី និងបក្សពួកជាច្រើននាក់ មិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ខណៈដែលហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលពេញក្រុងភ្នំពេញ។ គួររំលឹកថា ករណីបង្កជាការផ្ទុះអាវុធបណ្តាលអោយមនុស្ស៣នាក់បានស្លាប់ កើតឡើងឡើងក្រោយពីមានទំនាស់ពាក្យសំដីរវាងម្ចាស់ឡានម្នាក់និងអ្នករត់កង់បីម្នាក់ ជុំវិញករណីចតឡានបាំងផ្លូវកង់បីកំពុងបើកបរ។ក្រោយមកក៏មានការលើកបក្សពួកគ្នីគ្នាខាងអ្នករត់កង់បីមករករឿងភាគីខាងម្ចាស់ឡាន រួចបានបង្កជាការផ្ទុះអាវុធបណ្តាលអោយមនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិត។ 

ក្រោយពីហេតុការណ៍នេះបានកើតឡើង មហាជនជាច្រើនមានការតក់ស្លុតចិត្តយ៉ាងខ្លាំង និងកាន់តែមានការខ្លាចរអាចំពោះឃាតករដែលជាអ្នករត់កង់បីដែលមានអាវុធប្រើប្រាស់ និងបាញ់សម្លាប់មនុស្សដោយគ្មានការញញើតដៃ។ 

យ៉ាងណាមិញ មហាជនជាច្រើនក៏កំពុងទន្ទឹងរងចាំជុំវិញចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច ទៅលើករណីមួយនេះ។ ដែលគិតមកទល់ពេលនេះ មានរយៈពេលជាង១០ថ្ងៃទៅហើយ ដែលសូម្បីតែជនល្មើសម្នាក់ ក៍ពុំទាន់ចាប់បានដែរ ។ ការទន្ទឹងរង់ចាំរបស់មហាជននេះ បានបង្ហាញការងើយឆ្ងល់ថា ហាក់ដូចជាខុសគ្នាទៅហ្នឹងករណី ឃាត់កម្មបាញ់សំលាប់ប៉ូលីសលោក រ៉េត ស៊ីណែត ។ មហាជនមើលឃើញថាករណីបាញ់សំឡាប់ប៉ូលីស រ៉េត ស៊ីណែត សមត្ថកិច្ចហាក់ ដូចជាស្ទុះស្ទារចេញប្រតិបត្តិការភ្លាមៗ បានតាមប្រមាញ់ឃាតករ បានដោយជោគជ័យ បើទោះបីឃាតករនោះ ធ្លាប់មានបទពិសោធន៍និងក្នុងឧក្រិដ្ឋកន្លងទៅក៍ដោយ ហើយប្រើពេលត្រឹមជាង១០ថ្ងៃដូចគ្នា។  តែករណីឃាតករដែលជាអ្នករត់កង់បីនេះ បែរជាស្ងាត់ឈឹង និងពុំទាន់ចាប់បានម្នាក់នៅឡើងនោះទេ ។

 

តែទោះបីជាយ៉ាងណា មហាជនខ្លះក៏បានបង្ហាញជំនឿទុកចិត្តលើប្រតិបត្តិការរបស់សមត្ថកិច្ច ថាប្រាកដជាអាចចាប់បានឃាតករ ដែលជាអ្នករត់កង់បី និងបក្សពួកមិនខាន ដើម្បីស្រាយចម្ងល់របស់មហាជន និងដើម្បីវែកមុខឃាតករដៃឆៃ ត្រឹមតែជាអ្នករត់កង់បីសោះ អាចកាន់កាំភ្លើង និងបាញ់ប្រហារយ៉ាងស្ទាត់ជំនាញ គ្មានញញើតអ្វីបន្តិចសោះ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ