រុស្ស៊ី ជ្រើសរើសជនជាតិស៊ីរី ទៅបណ្ដុះបណ្ដាល និងធ្វើជាទាហាន ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន
អាមេរិក៖ មន្ត្រីអាមេរិកឲ្យដឹង ជនជាតិស៊ីរីដែលត្រូវបានជ្រើសរើស ទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន ហើយត្រូវបានគេរាយការណ៍ថា “ពួកគេមានជំនាញក្នុងការប្រយុទ្ធ”។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន Wall Street Journal នៅថ្ងៃទី០៧ មីនា ២០២២។
តាមការឲ្យដឹងពីមន្ត្រីអាមេរិកថា រុស្ស៊ីបានជ្រើសរើសទាហានពីស៊ីរីតាំងពីឆ្នាំ២០១៥ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអ៊ីស្រាអែល។
រដ្ឋមន្ត្រីក្រសួងអប់រំ និងវិទ្យាសាស្ត្រអ៊ុយក្រែន លោក Serhiy Shkarlet បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខណៈដែលការប្រយុទ្ធនៅតែបន្តកើតមាននៅទូទាំងប្រទេសអ៊ុយក្រែន ការវាយប្រហារដែលកំពុងបន្តដោយយោធារុស្ស៊ីបានធ្វើឱ្យសាលារៀនអ៊ុយក្រែនចំនួន ២១១កន្លែង ត្រូវបានបំផ្លាញ ឬខូចខាត។
លោកបានលើកឡើងថា “សព្វថ្ងៃនេះ យើងឃើញថា សាលារៀនកាន់តែច្រើនឡើងៗត្រូវបានបំផ្លាញ ឬខូចខាត។ សាលារៀនចំនួន ២១១កន្លែង ត្រូវបានវាយប្រហាររួចហើយ ដែលខ្លះត្រូវបានបំផ្លាញទាំងស្រុង ខ្លះរងការខូចខាត”។
នៅក្នុងនោះដែរ ក្រសួងការពារជាតិរុស្ស៊ី បានព្រមានប្រទេសរ៉ូម៉ានី និងប្រទេសផ្សេងទៀតប្រឆាំងនឹងការអនុញ្ញាតឱ្យយន្តហោះយោធាអ៊ុយក្រែន ប្រើប្រាស់ដែនអាកាសរបស់ពួកគេ ដោយលើកឡើងថាការធ្វើដូច្នេះអាចត្រូវបានចាត់ទុកថាជា “ការចូលរួមរបស់រដ្ឋទាំងនេះនៅក្នុងជម្លោះប្រដាប់អាវុធ”៕RT