សហរដ្ឋអាមេរិក ៖ ក្រុមប្រឹក្សាប្រតិបត្តិរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអំពាវនាវឱ្យ ByteDance ជាក្រុមហ៊ុនមេរបស់ TikTok ដកភាគហ៊ុនរបស់ខ្លួនពីក្នុង TikTok នៅអាមេរិកដើម្បីចៀសវាងអាមេរិកហាមឃាត់ពលរដ្ឋប្រើប្រាស់កម្មវិធីនេះ ក្នុងករណី TikTok មិនអាចបញ្ជាក់ពីសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់ទេនោះ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ មីនា ២០២៣។

គោលបំណងហាមឃាត់ការប្រើប្រាស់ TikTok របស់អាមេរិក គឺក្រោយពីមន្ត្រីសន្តិសុខ និងគណៈកម្មាធិការនៃសមាជិកសភាអាមេរិកបារម្ភថា ទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok នៅអាមេរិក នឹងត្រូវបានគេបញ្ជូនទៅឱ្យរដ្ឋាភិបាលចិន ។ មុននេះ ភ្នាក់ងារជាច្រើនក្នុងជួររដ្ឋាភិបាលអាមេរិកបានហាមឃាត់មិនឱ្យមន្ត្រីបម្រើការរដ្ឋដោនឡូតកម្មវិធី TikTok ក្នុងឧបករណ៍ប្រើប្រាស់របស់រដ្ឋាភិបាល ដោយសារខ្លាចទិន្នន័យអ្នកប្រើប្រាស់ធ្លាក់ដល់ដៃរដ្ឋាភិបាលចិន ។

អ្នកនាំពាក្យរបស់ TikTok បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុនទើបតែទទួលបានដំណឹងពីក្រុមប្រឹក្សាក្រសួងហិរញ្ញវត្ថុអាមេរិកថា ផ្នែកការងារវិនិយោគបរទេសនៅអាមេរិកបានអំពាវនាវឱ្យក្រុមហ៊ុនមេនៅចិន ByteDance លក់ភាគហ៊ុនឱ្យពួកគេ ហើយថា បើមិនព្រមលក់ទេ កម្មវិធីពេញនិយមមួយនេះនឹងប្រឈមនឹងការបិទជាមិនខាន ។

ដោយផ្អែកតាមប្រភពពី TikTok ថា កំពុងពិចារណាបំបែកខ្លួនចេញពី ByteDance ជាក្រុមហ៊ុនមេនៅចិន ដោយរំពឹងថា នឹងអាចធ្វើឱ្យអាមេរិកអស់បារម្ភពីផ្នែកសន្តិសុខ និងសុវត្ថិភាពព័ត៌មានរបស់អ្នកប្រើប្រាស់ ដោយ TikTok អាចលក់ភាគហ៊ុនទៅឱ្យក្រុមហ៊ុនផ្សេង ឬស្នើលក់ភាគហ៊ុន IPO ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ