សហភាពអឺរ៉ុប ត្រៀមឃ្លាំងស្ដុកឱសថប្រឆាំងនឹងអាវុធគីមី និងនុយក្លេអ៊ែរ
ប៊្រុសសែល ៖ សហភាពអឺរ៉ុប បានយល់ព្រម បើកប្រតិបត្តិការស្តុកមួយ សម្រាប់បង្កើននូវការការពារ ប្រឆាំងនឹងឧប្បត្តិហេតុវាយប្រហារដោយអាវុធគីមី នុយក្លេអ៊ែរ និងជីវសាស្រ្ត ចំពេលមានការព្រួយបារម្ភ អំពីជម្លោះក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ មេសា ២០២២។
បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya បានផ្សាយថា ការស្តុកទុកឧបករណ៍ការពារ និង ឱសថ ត្រូវបានគេរំពឹងថា នឹងមាននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយវាមានគោលបំណងពង្រីកឱសថបម្រុង សម្រាប់ការពារប្រជាជនសហភាពអឺរ៉ុប និង បណ្តាប្រទេសជាដៃគូ រួមទាំង ប្រទេសអ៊ុយក្រែន ផងដែរ។
មន្រ្ដីជំនាញកិច្ចការនេះ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការផ្គត់ផ្គង់នេះ ក៏នឹងរួមបញ្ចូលនូវឧបករណ៍កម្ចាត់មេរោគ ស្រោមដៃ ម៉ាស់ និង សម្ភារផ្សេងៗទៀត សម្រាប់ការពារជាតិគីមី ជីវសាស្ត្រ វិទ្យុសកម្ម និង នុយក្លេអ៊ែរ ហៅកាត់ CBRN ។
ដោយឡែក ក្រុមមន្រ្ដីបណ្ដាប្រទេសបច្ចិមលោក ក៏បានសម្តែងនូវការភ័យខ្លាចថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធគីមី និង ជីវសាស្រ្ត នៅក្នុងសង្គ្រាម នៅប្រទេសអ៊ុយក្រែន រួមជាមួយនឹងហានិភ័យ នៃឥទ្ធិពលអាវុធទាំងនេះ នឹងប៉ះពាល់ពាសពេញប្រទេស។
ជាមួយគ្នានេះដែរ ប្រទេសបារាំង ដែលកាន់តំណែង ជាប្រធានប្តូរវេន នៃសហភាពអឺរ៉ុប បានអំពាវនាវ នៅក្នុងកិច្ចប្រជុំផ្ទៃក្នុង សម្រាប់ផែនការទូទាំងប្លុកសេរីមួយនេះ ដើម្បីចែកចាយគ្រាប់ប៉ូតាស្យូមអ៊ីយ៉ូត (Potassium Iodide ) ដែលត្រូវបានប្រើ សម្រាប់ការពារមនុស្ស ពីផលប៉ះពាល់ជាមួយនឹងវិទ្យុសកម្មនុយក្លេអ៊ែរ៕RT