មេដឹកនាំអ៊ុយក្រែន និងអង់គ្លេស សន្ទនាតាមទូរស័ព្ទផ្តោតលើការគាំទ្រដល់ទីក្រុងកៀវ ក្នុង ជម្លោះជាមួយរុស្ស៊ី
ក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសរសេរសារបង្ហោះនៅលើ បណ្តាញសង្គម ធ្វីតធ័រ(Twitter) ថា លោកបានពិភាក្សាអំពីការគាំទ្របន្ថែមទៀតសម្រាប់ទីក្រុងកៀវ ជាមួយនឹងនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក ក្នុងការសន្ទនាគ្នាតាមទូរស័ព្ទ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី១១ វិចិ្ឆកា ២០២២
លោក ហ្សេលេនស្គី បានបញ្ជាក់ថា បញ្ហានៃការគាំទ្រផ្នែកការពារជាតិពហុភាគីសម្រាប់អ៊ុយក្រែន និងជំនួយក្នុងការស៊ូទ្រាំនឹងរដូវរងាត្រូវបានគ្របដណ្តប់នៅក្នុងកិច្ចពិភាក្សា ហើយថាការបន្តកិច្ច ព្រមព្រៀងលើការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ក៏ជាប្រធានបទមួយផ្សេងទៀត នៃការសន្ទនា តាម ទូរស័ព្ទខាងលើនេះដែរ។
ដោយឡែក ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នៅក្នុងកិច្ចពិភាក្សានោះ លោក ស៊ូណាក បានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងបន្តផ្តល់ជំនួយ យោធាបន្ថែមទៀតសម្រាប់អ៊ុយក្រែន។
លោក ស៊ូណាក បន្ថែមទៀតថា ចក្រភពអង់គ្លេស នឹងបញ្ជូនមីស៊ីលបាញ់ចេញពីដីទៅអាកាសចំនួន ១,០០០ដើម និងសម្លៀកបំពាក់សម្រាប់ រដូវរងា ប្រមាណជាង ២៥,០០០ឈុតសម្រាប់កង ទ័ពអ៊ុយក្រែនផងដែរ៕