ក្រសួងកិច្ចការនារី ប្រកាសមិនគាំទ្រដាច់ខាតរាល់សកម្មភាព និងទង្វើធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ
ភ្នំពេញ ៖ ក្រសួងកិច្ចការនារី បានសម្ដែងការសោកស្ដាយ និងមិនគាំទ្រដាច់ខាតចំពោះរាល់សកម្មភាព និងទង្វើ ទាំងឡាយណា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី ដែលផ្សព្វផ្សាយនៅថ្ងៃទី ១៦ ខែកុម្ភៈនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី បានឲ្យដឹងថា កាលពីពេលកន្លងទៅថ្មីៗនេះ មានការលេចឡើងនូវបាតុភាព នៃការប្រើប្រាស់ពាក្យសំដីមិនសមរម្យ អសុរោះ ប្រាសចាកសុជីវធម៌ និងសីលធម៌ តាមបណ្ដាញទំនាក់ទំនងសង្គម ដោយបុគ្គលមួយចំនួនតូច ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គលជាស្ត្រីខ្មែរ ព្រមទាំងធ្វើឲ្យសាធារណជនមានការថ្នាំងថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ និង ការពារសិទ្ធិស្ត្រីគ្រប់រូប ដោយគ្មានការរើសអើងអ្វីឡើយ។
ក្រសួងកិច្ចការនារី បានសម្ដែងនូវការសោកស្តាយ និងមិនគាំទ្រដាច់ខាតចំពោះរាល់សកម្មភាព និងទង្វើ ទាំងឡាយណា ដែលមានចរិតហិង្សា អសីលធម៌ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ព្រមទាំងផ្តល់ជាគំរូមិនល្អ សម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងសសរ ទ្រូងរបស់ប្រទេសជាតិ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ ក្រសួងកិច្ចការនារី បានអំពាវនាវដោយទទូចដល់បុគ្គល ដែលមានវិវាទនឹងគ្នា សូមប្រកាន់យកនូវការដោះស្រាយដោយសន្តិវិធី ចៀសវាងការប្រើប្រាស់ពាក្យសំដីជេរប្រមាថ អសុរោះ អសីលធម៌ ដើម្បីដោះស្រាយបញ្ហា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ ក្រសួងកិច្ចការនារី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសាធារណជនទាំងអស់ ដែលបានសម្ដែងការមិនពេញចិត្ត សំដៅរួមចំណែកការពារកិត្តិយស និងមុខមាត់របស់ប្រទេសជាតិ និងមានជំនឿយ៉ាងមុតមាំថា សាធារណជនទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស នឹងបន្តចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវរាល់បាតុភាពអសកម្មទាំងឡាយ សំដៅលើកកម្ពស់សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ របស់ប្រជាជនខ្មែរ ព្រមទាំងរក្សាតម្លៃស្ត្រីខ្មែរឲ្យកាន់តែល្អផូរផង់តទៅមុខទៀត៕EB