តូក្យូ៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman ក្នុងថ្ងៃអង្គារសប្តាហ៍នេះថ្លែងថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់សមត្ថភាពយោធារបស់ខ្លួនទាំងស្រុង រួមទាំងអាវុធនុយក្លេអ៊ែរធម្មតា ក៏ដូចជាប្រព័ន្ធប្រឆាំងមីស៊ីល ដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន គឺជប៉ុន និងកូរ៉េខាងត្បូង ខណៈលោកស្រីបានព្រមានកូរ៉េខាងជើងកុំឱ្យបង្កើនការបង្កហេតុថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៦ តុលា ២០២២។

លោកស្រី Sherman បាននិយាយថា ការបាញ់សាកល្បងម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង នូវមីស៊ីលផ្លោង និងកាំភ្លើងធំក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ គឺជាសកម្មភាពយោធាបង្កហេតុ ប៉ុន្តែកូរ៉េខាងជើងបានពណ៌នាសកម្មភាពទាំងនេះថា ជាការអនុវត្តសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ។

លោកស្រី Sherman បាននិយាយនៅក្នុងកិច្ចពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសទីមួយរបស់កូរ៉េខាងត្បូង លោក Cho Hyungdong ក្នុងទីក្រុងតូក្យូថា ការបាញ់តេស្តមីស៊ីលរបស់កូរ៉េខាងជើង គឺជាទង្វើមិនទទួលខុសត្រូវយ៉ាងខ្លាំង ដែលបង្កជាគ្រោះថ្នាក់ និងអស្ថិរភាពក្នុងតំបន់។ មន្ត្រីទាំងពីរបានជួបពិភាក្សាគ្នា នៅមុនកិច្ចប្រជុំត្រីភាគីជាមួយសមភាគីជប៉ុននៅថ្ងៃពុធសប្តាហ៍នេះ។

លោក Cho ក្នុងអំឡុងការពិភាក្សាជាមួយលោកស្រី Sherman បានលើកឡើងពីការព្រួយបារម្ភថា គោលនយោបាយនុយក្លេអ៊ែរកូរ៉េខាងជើងថ្មី ដែលត្រូវបានអនុម័តកាលពីខែកញ្ញា នឹងបង្កើនលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយបំពាន។ លោកថា ទង្វើនេះកំពុងបង្កើតភាពតានតឹងដ៏ធ្ងន់ធ្ងរនៅលើឧបទ្វីបកូរ៉េ។

ជាការឆ្លើយតប លោកស្រី Sherman បានសង្កត់ធ្ងន់ថា កូរ៉េខាងជើងត្រូវតែយល់ថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខរបស់កូរ៉េខាងត្បូង និងជប៉ុន គឺ “រឹងមាំដូចដែកថែប”។ ហើយយើងនឹងប្រើប្រាស់សមត្ថភាពការពារជាតិយ៉ាងពេញលេញរបស់សហរដ្ឋអាមេរិក ដើម្បីការពារសម្ព័ន្ធមិត្តរបស់យើង រួមទាំងសមត្ថភាពការពារនុយក្លេអ៊ែរធម្មតា និងមីស៊ីល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ