មីយ៉ាន់ម៉ារកចំណូលបានជាង ១១៥លានដុល្លារ ពីការនាំចេញផលិតផលជលផលក្នុងត្រីមាសទី១ ឆ្នាំ ២០២៣
ណៃពិដោ៖ ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាបានរាយការណ៍ថា មីយ៉ាន់ម៉ារកចំណូលបាន ១១៥,២៤២លានដុល្លារ ពីការនាំចេញផលិតផលនេសាទចំនួន ៦៩.៦១២តោន ក្នុងត្រីមាសទីមួយនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ២០២៣-២០២៤។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Star នៅថ្ងៃទី១៣ កក្កដា ២០២៣។
ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា បានបង្ហាញថា ប្រាក់ចំណូលពីការនាំចេញផលិតផលជលផលនៅចន្លោះថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៣ មានចំនួន ១១៥,២៤២លានដុល្លារ តួលេខនេះបានធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ២០២៣-២០២៤ មានចំនួន ១៣៥,៦០៣លានដុល្លារ។ ជាមួយគ្នានេះ ប្រធាននាយកដ្ឋានជលផលមីយ៉ាម៉ា បានរំពឹងថា សម្រាប់ឆ្នាំថវិកានេះ យើងរំពឹងថា នឹងនាំចេញផលិតផលជលផលមានតម្លៃរហូតដល់ ៨០០លានដុល្លារ។
ផលិតផលនេសាទរបស់មីយ៉ាន់ម៉ា ត្រូវបាននាំចេញជាចម្បងទៅកាន់ប្រទេសចិន និងថៃ ដែលក្នុងនោះប្រហែល ៣០ភាគរយនៃផលិតផលជលផលត្រូវបាននាំចេញទៅកាន់ប្រទេសចិន ខណៈមីយ៉ាន់ម៉ាកំពុងខិតខំនាំចេញត្រីកាន់តែច្រើនទៅទីផ្សារ ដោយសហការជាមួយសហគ្រិន។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងដំណើរការនៃការទទួលបានកិច្ចព្រមព្រៀងចំនួនបី សម្រាប់ផលិតផលជលផលពីធម្មជាតិ និងបសុសត្វ ព្រមទាំងសត្វក្នុងទឹកដូចជា ក្តាម បង្គា និងអន្ទង់៕