យោធាអ៊ុយក្រែននិយាយថាខ្លួនបានវាយបកវិញទៅលើទាហានរុស្ស៊ីនៅមូលដ្ឋានក្រុងគៀវ
ក្រុងកៀវ៖ យោធាអ៊ុយក្រែនបាននិយាយនៅព្រឹកថ្ងៃសៅរ៍ ២៦ កុម្ភៈថា ទាហានរុស្ស៊ីបានវាយប្រហារមូលដ្ឋានទ័ពដែលមានទីតាំងនៅលើវិថីសំខាន់មួយក្នុងរដ្ឋធានី Kyiv របស់អ៊ុយក្រែន ប៉ុន្តែការវាយប្រហារនេះត្រូវបានវាយបកវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅយប់ថ្ងៃទី២៦ កុម្ភៈ ២០២២។
ដោយឡែក ទីភ្នាក់ងារ Interfax Ukraine បាននិយាយថា ទាហានរុស្ស៊ីកំពុងព្យាយាមចាប់យកស្ថានីយ៍ផលិតអគ្គិសនីមួយក្នុងទីក្រុង។ ប៉ុន្មានម៉ោងមុននេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានព្យាករណ៍ថា ទាហានរុស្ស៊ីនឹងវាយប្រហារពេញមួយយប់។
យ៉ាងណាមិញ កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែនបាននិយាយនៅក្នុងការបង្ហោះជាភាសាអង់គ្លេសនៅលើ Facebook ថា "ឧក្រិដ្ឋជនយោធានៃប្រទេសរុស្ស៊ីបានវាយប្រហារទៅលើអង្គភាពយោធាមួយក្នុងទីក្រុង Kiev នៅលើវិថី Victory ហើយការវាយប្រហារនេះត្រូវបានវាយបកវិញ" ។
គួរបញ្ជាក់ផងដែរថា យោធាអ៊ុយក្រែនបាននិយាយថា "ការប្រយុទ្ធគ្នាយ៉ាងខ្លាំង" កំពុងដំណើរការនៅទីក្រុង Vasylkiv ភាគខាងត្បូងនៃទីក្រុង Kyiv ដោយបន្ថែមថា រុស្ស៊ីកំពុង "ព្យាយាមដាក់ទាហានឆ័ត្រយោងនៅទីនោះ"។RT