ក្រុមយុវជន ៖ ដំឡើងពន្ធថ្នាំជក់ ជាវិធានការឈ្នះៗ សម្រាប់រាជរដ្ឋាភិបាល ព្រមទាំង ប្រជាពលរដ្ឋកម្ពុជា
ភ្នំពេញ ៖ ក្រុមយុវជនឆ្នើម ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ បានលើកឡើងថា ដំឡើងពន្ធថ្នាំជក់ ជាវិធានការឈ្នះៗសម្រាប់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ព្រមទាំងមានអត្ថប្រយោជន៍យ៉ាងច្រើនលើសលុបផងដែរ។
ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ ស្ដីពី វិធានការពន្ធថ្នាំជក់ វគ្គផ្ដាច់ព្រ័ត្រ នាពេលថ្មីៗ ក្រុមយុវជនឆ្នើម បានឲ្យដឹងថា ទោះបីជាការដំឡើងពន្ធថ្នាំជក់ត្រូវ បានមើលឃើញថា ជាវិធានការឈ្នះៗ ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនលើសលុបក្ដី មកទល់សព្វថ្ងៃ ក៏នៅតែមានឧបសគ្គមួយចំនួន ដែលរារាំងមិនឲ្យមានការដំឡើងពន្ធថ្នាំជក់នៅកម្ពុជា។
ក្រុមយុវជនឆ្នើម បញ្ជាក់ថា «ផ្ទុយទៅវិញ ការដំឡើងពន្ធថ្នាំជក់ ជាវិធានការឈ្នះៗសម្រាប់រាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋកម្ពុជា ហើយការដំឡើងពន្ធថ្នាំជក់មានអត្ថប្រយោជន៍យ៉ាងច្រើនលើសលុប។ ពោល គឺរាជរដ្ឋាភិបាលនឹងចំណេញទាំងចំណូលពន្ធរដ្ឋសម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេស ជាពិសេសបន្ទាប់ពីការចំណាយដ៏ច្រើនក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩»។
បន្ថែមពីនេះទៅទៀត ការដំឡើងពន្ធថ្នាំជក់ក៏ជួយឲ្យអត្រាឈឺ ស្លាប់ ដែលបង្កពីការប្រើប្រាស់ថ្នាំជក់ថយចុះ។ លើសពីនោះ វាក៏រួមចំណែកជួយការពារបរិស្ថានពីការផលិត និងប្រើប្រាស់ថ្នាំជក់ ដែលជាប្រធានបទ នៃទិវាពិភពលោកគ្មានផ្សែងបារីនាឆ្នាំ២០២២នេះផងដែរ។
ក្រុមយុវជន បានបន្ថែមថា ការប្រើប្រាស់ផលិតផលថ្នាំជក់ ជាបន្ទុកមួយសម្រាប់រដ្ឋាភិបាលដោះស្រាយ ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់បង្កឲ្យប្រជាពលរដ្ឋ ឈឺ ស្លាប់ ពិការ ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥០០០បានស្លាប់ដោយសារតែការជក់បារី។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់ធ្វើឲ្យខាតបង់ថវិកាប្រមាណ ៦៤៩ លានដុល្លារ ស្មើនឹង ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា។
សូមរំលឹកថា បើក្រឡេកមកមើលអត្រាពន្ធថ្នាំជក់វិញ នៅកម្ពុជាមានអត្រាប្រមាណ ២៥%-៣១% នៃតម្លៃលក់រាយប៉ុណ្ណោះ ដែលអត្រានេះនៅមានកម្រិតទាបខ្លាំងធៀបនឹងអត្រាដែលណែនាំដោយអង្គការសុខភាពពិភពលោក និងធនាគាពិភពលោក ហើយក៏ជាអត្រាមួយដែលទាបជាងបណ្ដាប្រទេសក្នុងតំបន់អាស៊ានទៀតផង៕