ចិនកោះហៅបេសកជនជប៉ុន ក្រោយអតីតនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ធ្វើការអត្ថាធិប្បាយពាក់ព័ន្ធនឹងរឿងតៃវ៉ាន់
ប៉េកាំង៖ ក្រសួងការបរទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំទីក្រុងប៉េកាំង មកចូលរួមកិច្ចប្រជុំបន្ទាន់នៅល្ងាចថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ិនហ្សូ អាបេ បានថ្លែងថា ជប៉ុន និងសហរដ្ឋអាមេរិកនឹងមិនអាចឈរនៅស្ងៀមបានឡើយ ប្រសិនបើចិនវាយប្រហារកោះតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់សារព័ត៌មាន CNA នៅថ្ងៃទី ០២ ធ្នូ ២០២១៕
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតជប៉ុនលោក Shui Hideo ឧបការីរដ្ឋមន្រ្តីការបរទេសចិនលោកស្រី Hua Chunying បានហៅការអត្ថាធិប្បាយរបស់លោក អាបេ ថា “ខុសឆ្គង” និងជាការរំលោភលើបទដ្ឋានជាមួលដ្ឋាននៃទំនាក់ទំនងរវាងចិន និងជប៉ុន។
លោកស្រី Hua ត្រូវបានដកស្រង់សម្តីថា ការអត្ថាធិប្បាយរបស់លោក អាបេ បានជំទាស់ដោយបើកចំហរចំពោះអធិបតេយ្យភាពរបស់ប្រទេសចិន និងបានផ្តល់ការគាំទ្រយ៉ាងមុតមាំដល់កងកម្លាំងឯករាជ្យតៃវ៉ាន់ លោកស្រីបន្ថែមថា ប្រទេសចិនមានការប្រឆាំងយ៉ាងដាច់អហង្ការចំពោះរឿងនេះ។
គួរបញ្ជាក់ថា ប្រតិកម្មរបស់ចិនខាងលើនេះ បានកើតមានបន្ទាប់ពីលោក ស៊ិនហ្សូ អាបេ បានថ្លែងថា គ្រាអាសន្នរបស់តៃវ៉ាន់ គឺជាគ្រាអាសន្នរបស់ជប៉ុន ហើយក៏ជាគ្រាអាសន្នសម្រាប់សម្ព័ន្ធភាពរវាងជប៉ុន-អាមេរិកផងដែរ។ ដូច្នេះប្រជាជននៅទីក្រុងប៉េកាំង ជាពិសេសលោកប្រធានាធិបតី ស៊ី មិនគួរមានការយល់ច្រឡំក្នុងបញ្ហានេះឡើយ៕