យ៉ាងហោចណាស់មនុស្ស ៤៧នាក់បាត់ខ្លួន ក្នុងហេតុការណ៍រអិលបាក់ដីនៅចិន
ប៉េកាំង៖ មនុស្ស ៤៧នាក់ត្រូវដីបាក់សង្កត់ពីលើ ក្រោយកើតមានហេតុការណ៍រអិលបាក់ដីមួយ នៅក្នុងខេត្តយូណាន ភាគនិរតីនៃប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី២២ មករា ២០២៤។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួរ រាយការណ៍ថា ហេតុការណ៍បាក់ដីមួយ បានកើតឡើងនៅម៉ោង ៥និង៥១នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) នៅក្នុងតំបន់ហ្ស៊ិនហ៊្សុង។ ទូរទស្សន៍រដ្ឋចិន CCTV ចេញផ្សាយថា ផ្ទះសម្បែងរបស់ប្រជាជនប្រហែល ១៨គ្រួសារត្រូវដីសង្កត់ពីលើ បន្ទាប់ពីកើតមានហេតុការណ៍រអិលបាក់ដី ហើយមនុស្សជាង ២០០នាក់ត្រូវបានជម្លៀសចេញពីតំបន់នោះដោយសុវត្ថិភាព។
អាជ្ញាធរចិនបានចាប់ផ្តើមការឆ្លើយតបជាបន្ទាន់មួយ ដោយបញ្ជូនក្រុមជួយសង្គ្រោះជាង ២០០នាក់ ម៉ាស៊ីនពន្លត់អគ្គីភ័យរាប់សិបគ្រឿង និងឧបករណ៍ចាំបាច់ផ្សេងៗទៀត។ គិតមកទល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ។
គួរកត់សម្គាល់ថា ហេតុការណ៍រអិលបាក់ដី តែងតែកើតឡើងជាញឹកញាប់នៅក្នុងខេត្តយូណាន ជាតំបន់ដាច់ស្រយាលរបស់ប្រទេសចិន ដែលមានជួរភ្នំដ៏ចោត។
ប្រទេសចិនបានជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិជាច្រើនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយក្នុងចំណោមនោះ មានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។ តួយ៉ាង មនុស្សប្រមាណ ២០នាក់បានស្លាប់ នៅពេលភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានការរអិលបាក់ដីនៅជិតទីក្រុងស៊ីអាន ភាគខាងជើងក្នុងខែសីហា។ ហើយក្នុងខែមិថុនាវិញ ការរអិលបាក់ដីនៅភាគនិរតីនៃខេត្តស៊ីឆ័ន ក៏ផ្តាច់ជីវិតមនុស្ស ១៩នាក់ផងដែរ៕