តូក្យូ៖ ក្រុមអ្នកជួយសង្គ្រោះជនជាតិជប៉ុន បាននាំគ្នាឆែកឆេរនៅលើគំនរផ្ទះបាក់បែក និងគន្លងផ្លូវ នៅថ្ងៃច័ន្ទ ពីរថ្ងៃបន្ទាប់ពីការរអិលបាក់ដីឆ្លងកាត់ទីក្រុងរមណីយដ្ឋានមួយ ជាមួយពេលវេលានិងអាកាសធាតុមិនអំណោយផល ដើម្បីស្វែងរកមនុស្សជាង ១០០ នាក់ ដែលគេសន្និដ្ឋានថាបានបាត់ខ្លួន។

យ៉ាងហោចណាស់មានមនុស្ស ៣ នាក់ បានស្លាប់នៅក្នុងទីប្រជុំជនអាតាមី បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីចុងសប្តាហ៍ បានធ្វើឱ្យមានការរអិលបាក់ដីជាបន្តបន្ទាប់ ដែលនាំអោយភក់និងផ្ទាំងថ្មរមៀលធ្លាក់ចុះទៅតាមដងផ្លូវក្នុងផ្នែកមួយនៃទីក្រុង។ នៅកន្លែងខ្លះ ភ្លៀងធ្លាក់ច្រើនជាងពេលធម្មតានៅខែកក្កដានេះ ក្នុងរយៈពេលតែ ២៤ ម៉ោងប៉ុណ្ណោះ។

មនុស្សទី ៣ ត្រូវបានគេអះអាងថាបានស្លាប់នៅក្នុងទីក្រុងមាត់សមុទ្ររបស់ អាតាមី ចម្ងាយ ៩០ គីឡូម៉ែត្រ ភាគនិរតីទីក្រុងតូក្យូ ជាកន្លែងដែលគេជឿថា មានមនុស្សបានបាត់ខ្លួនចំនួន ១១៣ នាក់។

កាលពីចុងសប្តាហ៍ មានមនុស្ស ២០ នាក់ ត្រូវបានគេនិយាយថា មិនអាចទាក់ទងបាន ប៉ុន្តែចំនួននេះបានកើនឡើងយ៉ាងរហ័យកាលពីថ្ងៃច័ន្ទ ដោយសារតែមន្រ្តីបានចាប់ផ្តើមធ្វើការដោយចាប់រាប់ពីអ្នកចុះឈ្មោះស្នាក់នៅ ជាជាងការហៅទូរស័ព្ទពីមនុស្សដែលមិនអាចទាក់ទងសមាជិកគ្រួសារពួកគេបាន។

អាគារប្រហែល ១៣០ ត្រូវបានរងផលប៉ះពាល់នៅព្រឹកថ្ងៃសៅរ៍ នៅពេលដែលការរអិលបាក់ដី បានហូរកាត់អាតាមី ជាទីប្រជុំជនរមណីយដ្ឋានទឹកក្តៅមួយ ដែលបានដាក់នៅលើជម្រាលចោតដែលនាំទៅដល់ឆ្នេរសមុទ្រ។

គួររំលឹកថា ភ្លៀងធ្លាក់ខ្លាំង ការរអិលបាក់ដី រញ្ជួយដី បំផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ គឺជាគ្រោះមហន្តរាយធម្មជាតិដែលតែងតែបង្កជាបញ្ហាដល់ប្រទេសជប៉ុនជាប់ជានិច្ច។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ