អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រៀបចំសន្និសីទសារព័ត៌មាន និងពិធីចាប់ឆ្នោតចែកពូល ការប្រកួតពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ លើកទី១ ឆ្នាំ២០២៤
ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានរៀបចំសន្និសីទសារព័ត៌មាន និងពិធីចាប់ឆ្នោតចែកពូល ការប្រកួតពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត ។
នាឱកាសនោះ គណៈអធិបតី បានមានប្រសាសន៍ថា ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការអនុញ្ញាតពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានសម្រេចប្រកាសជាផ្លូវការ ស្ដីពីរៀបចំការប្រកួត “ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី១ ឆ្នាំ២០២៤។
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅចាប់ថ្ងៃទី០១ ខែមីនា និងបញ្ចប់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ខណៈពិធីបើក-បិទ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ។
លោក រដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ពានរង្វាន់នេះ បង្កើតឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា សំដៅបណ្ដុះស្មារតីស្រលាញ់កីឡា ដើម្បីសុខភាព និងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងអគ្គនាយកដ្ឋាននានា ដែលចំណុះក្រសួងមហាផ្ទៃ។ ការរៀបចំលើកទី១ នេះមានការចូលរួមពីបណ្ដាក្លឹបអគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាន ក្លឹបអគ្គនាយកដ្ឋាននានាសរុបចំនួន ១៥ក្លឹប ដែលបានដាក់ពាក្យចូលរួម រួមមាន៖
១.ក្លឹបខុទ្ទកាល័យឯកឧត្តម អភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
២.ក្លឹបអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ
៣.ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ
៤.ក្លឹបអគ្គនាយកដ្ឋានរដ្ឋបាល
៥.ក្លឹបអគ្គនាយកដ្ឋានពន្ធនាគារ
៦.ក្លឹបអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
៧.ក្លឹបបណ្ឌិត្យសភានគរបាលកម្ពុជា
៨.ក្លឹបអគ្គនាយកដ្ឋានអន្តោប្រវេសន៍
៩.ក្លឹបអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
១០.ក្លឹបក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
១១.ក្លឹបអគ្គាធិការដ្ឋាន
១២.ក្លឹបក្រុមប្រឹក្សានីតិកម្ម
១៣.ក្លឹបអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
១៤.ក្លឹបអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
១៥.ក្លឹបសាលាជាតិរដ្ឋបាលមូលដ្ឋាន
ក្នុងឱកាសនេះ លោកប្រធានគណៈកម្មការរៀបចំការប្រកួត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ដល់សុខភាពមន្ត្រីរាជការក្រោមឱវាទដោយផ្ដល់អនុសាសន៍ និងជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើង។
លោក សរ សិទ្ធិ ក៏បានថ្លែងអំណរគុណដល់ក្លឹបទាំងអស់ដែលបានខិតខំរៀបចំឱ្យមានកីឡាករបានចូលរួមប្រកួត “ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី១ ឆ្នាំ២០២៤ លើកទី១ នេះក្នុងស្មារតីស្រលាញ់កីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ទោះបីជាពុំបាន ១០០ភាគរយយ៉ាងណាក្ដី ក៏ប៉ុន្តែការចូលរួមនេះគឺបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តដ៏មុតមាំស្របតាមអនុសាសន៍ ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕