ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា ស្នាដៃការងារដ៏ធំមួយរបស់រាជបណ្ឌិត្យសភាកម្ពុជាទើបសម្រេចបានថ្មីៗនេះ គឺវចនានុក្រមខ្មែរ ឆ្នាំ២០២២ ដែលជាគុណតម្លៃអក្សរសាស្រ្តជាតិ មិនអាចកាត់ថ្លៃបាន។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះការខិតខំសម្រេចបាននូវសមិទ្ធផលការងារជាច្រើននាពេលកន្លងមក ជាពិសេសការងារសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តសង្គម និងការរៀបចំសនិ្នសិទ សិក្ខាសាលា និងវេទិកាជាច្រើនទៀត ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា «ស្នាដៃការងារដ៏ធំមួយដែលរាជបណ្ឌិត្យសភាកម្ពុជាទើបសម្រេចបាន នាពេលថ្មីៗនេះ គឺវចនានុក្រមខ្មែរ ឆ្នាំ២០២២ ដែលជាគុណតម្លៃអក្សរសាស្រ្តជាតិ មិនអាចកាត់ថ្លៃបាន»។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្ដថា តាមរយៈបេសកកម្ម និងភារកិច្ចរបស់ខ្លួន ដូចមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន ស្នាដៃនៃការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា មានសក្តានុពលរួមចំណែកដល់ការកំណត់ចក្ខុវិស័យរបស់ប្រទេស និងការរៀបចំគោលនយោយបាយនានា សម្រាប់បម្រើឱ្យការអភិវឌ្ឍរយៈពេលវែង ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សកម្រិតខ្ពស់ និងការអប់រំខាងផ្នែកសង្គម សីលធម៌ ចរិយាធម៌ ជាពិសេសការថែរក្សាអត្តសញ្ញាណជាតិ នៅក្នុងបរិការណ៍សកលភាវូបនីយកម្ម។ 

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា រៀបចំនូវផែនការអភិឌ្ឍន៍ស្ថាប័ន (IDP) របស់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងមាន សមត្ថភាព និងគុណវុឌ្ឍិជាស្ថាប័ននៃឧត្តមភាព (Center of Excellence) ទាំងជាសមត្ថភាពធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ហើយអាចបំពេញតួនាទីជាផ្នែកមួយនៃធនាគារខួរក្បាលរបស់ប្រទេសជាតិ និងអាចប្រមូលបាននូវកម្លាំងបញ្ញាញាណរបស់ជាតិឱ្យបានកាន់តែច្រើនថែមទៀត។ 

លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់នូវការណែនាំមួយចំនួន ដើម្បីតម្រង់ទិសនៃ ការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជារៀបចំឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងមានលក្ខណៈផ្សារភ្ជាប់ការអនុវត្ត ដោយផ្តោតលើជំនាញជាក់លាក់ ដែលជាឧត្តមភាពប្រៀបធៀបកំពុងមានស្រាប់ និងផ្សព្វផ្សាយស្នាដៃស្រាវជ្រាវឱ្យកាន់តែទូលំទូលាយ និងអាចយកមកប្រើប្រាស់ជាគុណប្រយោជន៍នៃការអភិឌ្ឍប្រទេសជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ