មន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តួចផ្ដើមកម្មវិធីជិះកង់ពីភ្នំពេញ ទៅកំពង់ធំ ដើម្បីអបអរទិវាពិភពលោកគ្មានថ្នាំជក់
ភ្នំពេញ ៖ លោក វណ្ណ ពុទ្ធីពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដួចផ្ដើមកម្មវិធីជិះកង់ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ធំ ដោយមានសមាជិកអ្នកជិះកង់ប្រមាណ ៨០នាក់ ដើម្បីអបអរទិវាពិភពលោកគ្មានថ្នាំជក់ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «យើងត្រូវការអាហារ មិនមែនថ្នាំជក់»។
ការជិះកង់នេះធ្វើឡើងដើម្បីអបអរទិវាពិភពលោកគ្មានថ្នាជក់២០២៣ ក៏ដូចជាការគាំទ្រទៅនឹងអនុសាសន៌របស់ សម្តេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយប្រធានអង្កការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកអំឡុងឆ្នាំ២០២០ថា «កម្ពុជាមានមហិច្ចតាប្រែក្លាយជាប្រទេសគ្មានផ្សែងបារីនៅឆ្នាំ២០២៥»។
គួរបញ្ជាក់ផងដែរថា ប្រទេស New Zealand បានអនុវត្តផែនការសកម្មភាពប្រទេសគ្មានផ្សែងបារី (Smoke-Free Aotearoa 2025 Action Plan) ដែលមានចក្ខុវិស័យលុបបំបាត់ផលិតផលថ្នាំជក់ដែលបង្កគ្រោះថ្នាក់ដល់សហគមន៍និងប្រែក្លាយប្រទេស New Zealand ទៅជាប្រទេសគ្មានផ្សែង នៅឆ្នាំ២០២៥។
វិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តផ្សេងទៀតដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោកបានបង្ហាញថា ការដំឡើងពន្ធលើផលិតផលថ្នាំជក់ជាវិធីសាស្រ្តឈ្នះៗ ដោយរដ្ឋទទួលបានប្រាក់ចំណូលពន្ធកើន ហើយអត្រាអ្នកជក់បារីថយចុះ។
សូមរំលឹកថា ប្រជាជនកម្ពុជាប្រមាណ ១៥ ០០០នាក់ ត្រូវបានរកឃើញថា ស្លាប់ដោយសារតែជំងឺដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ ដែលក្នុងមួយថ្ងៃៗមានប្រមាណជាង៤០នាក់ត្រូវស្លាប់ ដែលជំងឺទាំងនោះមានដូចជា ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់ នេះបើយោងតាមករណីសិក្សាថ្មីមួយដែលធ្វើឡើងដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nation Development Program) អង្គការសុខភាពពិភពលោក (World Health Organization)៕