អាជ្ញាធរនីហ្សេរីយ៉ា ប្ដឹងក្រុមហ៊ុនហ្វេសប៊ុកទារសំណងផាកពិន័យចំនួន៧០លានដុល្លារ
នីហ្សេរីយ៉ា៖ និយ័តករ គ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់ប្រទេសនីហ្សេរីយ៉ាបានប្តឹងក្រុមហ៊ុន Meta ដោយចោទប្រកាន់ម្ចាស់ហ្វេសប៊ុក( Facebook ) និង វ៉ាត់ស្អាប់( WhatsApp) ពីការផ្សាយពាណិជ្ជកម្មដែលគ្មានការអនុញ្ញាតនិងទារប្រាក់ផាកពិន័យចំនួន៣០ពាន់លាននេរ៉ា(រូបីយវត្ថុនីហ្សេរីយ៉ា) ដែលចំនួនទឹកប្រាក់នេះប្រហាក់ប្រហែល៧០លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ០៦ តុលា ២០២២។
ពាក្យបណ្តឹងដែលបានដាក់ក្នុងតុលាការនីហ្សេរីយ៉ារបស់និយ័តករប្រឆាំងនឹងMeta នៅពេលនេះ អាចប៉ះពាល់ដល់អាជីវកម្មដែលពឹងផ្អែកខ្លាំង លើការផ្សាយពាណិជ្ជកម្មឌីជីថលនិងការផ្សាយតាម បណ្ដាញសង្គមនានា។
គួរបញ្ជាក់ថា តាមច្បាប់ប្រទេសនីហ្សេរីយ៉ាអង្គភាពនិយ័តករគ្រប់គ្រងការផ្សាយពាណិជ្ជកម្មជាអ្នកទទួលបន្ទុកត្រួតពិនិត្យនិងសម្រេចរាល់ការផ្សាយពាណិជ្ជកម្មទាំងអស់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៃទ្វីបអាហ្រ្វិកមួយនេះ។