ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង និងរដ្ឋាភិបាលរបស់លោក បានប្រឈមមុខនឹងការរិះគន់កាលពីថ្ងៃពុធ បន្ទាប់ពីលោកបានអំពាវនាវឱ្យកាច់ផ្ដាច់បណ្ដាញសង្គមក្នុងករណីបើមានអំពើហិង្សារីករាលដាលដូចជាកុបកម្មកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ កក្កដា ២០២៣។

ឆ្លើយតបនឹងការអំពាវនាវនេះ មេដឹកនាំគណបក្ស Greens លោកស្រី Marine Tondelier បានប្រាប់ទូរទស្សន៍ France Inter កាលពីថ្ងៃពុធថា«នេះគឺជាការព្រួយបារម្ភ។ នៅពេលយើងឈានដល់ចំណុចដែលនិយាយថា ការកាច់ផ្តាច់បណ្តាញសង្គមគឺជាដំណោះស្រាយតែមួយ យើងត្រូវសួរខ្លួនឯងថាតើប្រទេសបារាំងឈានដល់ចំណុចណាហើយ»។

អ្នកនយោបាយប្រឆាំងផ្សេងទៀតពីក្រុមឆ្វេង និងស្តាំនិយម បានវាយប្រហារលើសំណើរបស់លោក ម៉ាក្រុង ដូចគ្នា ។ ប្រធានគណបក្សឆ្វេងនិយម France Unbowed លោកស្រី Mathilde Panot បានឆ្លើយតបទៅកាន់លោក ម៉ាក្រុង នៅក្នុងសារធ្វីតធឺរថា «អូខេ លោក គីម ជុងអ៊ុន»  ដែលមានន័យប្រៀបធៀបថា លោក ម៉ាក្រុង ស្មើនឹងមេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក គីម។ 

ប្រធានសភាអភិរក្សនិយម លោក Olivier Marleix ក៏បានសរសេរនៅលើបណ្ដាញសង្គមធ្វីតធឺរផងដែរថា«កាត់ផ្ដាច់បណ្ដាញសង្គម? ដូចនៅចិន អ៊ីរ៉ង់ ឬកូរ៉េខាងជើង? ទោះបីជាវាការបង្វែរការចាប់អារម្មណ៍ក៏ដោយ ក៏សំណើបែបនេះមិនអាចទទួលយកបានដែរ»។  

គួរបញ្ជាក់ថា លោក ម៉ាក្រុង បានប្រាប់កិច្ចប្រជុំរបស់ក្រុមអភិបាលក្រុងថា«យើងត្រូវគិតអំពីបណ្តាញសង្គម អំពីបម្រាមដែលយើងត្រូវដាក់។ នៅពេលដែលអ្វីៗគ្រប់គ្រងលែងបាន យើងប្រហែលជាត្រូវគ្រប់គ្រង ឬផ្ដាច់វាចោល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ