វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនទៀតរបស់ខ្លួនបានចោទប្រកាន់ប្រទេសចិនថា កំពុងជួលអ្នកលួចព័ត៌មានតាមកុំព្យូទ័រ ដើម្បីធ្វើប្រតិបត្តិការលួចព័ត៌មានលើកុំព្យូទ័រនៅទូទាំងសាកលលោក ដែលប្រការនេះ ផ្ដល់ផលប្រយោជន៍ដល់អ្នកលួចព័ត៌មានដោយផ្ទាល់ ។ នេះបើយោងតាមការចុះដោយសារព័ត៌មាន Reuters 

សហរដ្ឋអាមេរិកជាមួយនឹងអង្គការ NATO សហភាពអឺរ៉ុប អង់គ្លេស អូស្តា្រលី ជប៉ុន កាណាដា និងនូវែលហ្សេឡង់ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានស្តីបន្ទោសចិនចំពោះការលួចយកព័ត៌មានតាមកុំព្យូទ័រកាលពីខែមីនា ដែលបានធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នរាប់ម៉ឺន តាមរយៈកម្មវិធី Microsoft Exchange ។ 

បន្ថែមលើនេះ ពួកគេថែមទាំងបានថ្កោលទោសជុំវិញការធ្វើចារកម្ម ដែលរដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន បាននិយាយថា ជាទង្វើបង្កការគំរាមកំហែងដ៏ធំបំផុតសម្រាប់សេដ្ឋកិច្ច និងសន្តិសុខជាតិរបស់យើង ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Lui Pengyu បានហៅការចោទប្រកាន់ប្រឆាំងនឹងប្រទេសចិនថា ជាទង្វើគ្មានទំនួលខុសត្រូវ ខណៈកន្លងមក ចិនក៏បានបដិសេធម្ដងហើយម្ដងទៀតថា ខ្លួនមិនបានពាក់ព័ន្ធនឹងសកម្មភាពទាំងអស់នោះទេ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ