ម៉ាឡេស៊ី សម្រេចបិទខ្ទប់ទូទាំងប្រទេស (lockdown) ចាប់ពីថ្ងៃទី០១ មិថុនា ដល់ថ្ងៃទី១៤ ខែមិថុនា
គូឡាឡាំពួរ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បានប្រកាសពីការបិទខ្ទប់ទូទាំងប្រទេសដែលចាប់ផ្តើមពីថ្ងៃអង្គារនេះខណៈការឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសបានកើនឡើងដល់កម្រិតកំណត់។ នេះបើយោងតាមសារព័ត៌មាន Bangkok Post
លោក Muhyiddin បាននិយាយថាការបិទខ្ទប់ទូទាំងប្រទេសចាប់ពីថ្ងៃទី១ ដល់១៤ ខែមិថុនា គឺសម្រាប់គ្រប់វិស័យសង្គមនិងសេដ្ឋកិច្ចហើយមានតែសេវាកម្មចាំបាច់ប៉ុណ្ណោះដែលនៅតែដំណើរការ។
រដ្ឋាភិបាលនឹងប្រកាសជាកញ្ចប់ជំនួយដល់ក្រុមហ៊ុននិងប្រជាជនដែលរងផលប៉ះពាល់ពីការរឹតត្បិតថ្មីនេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រី (PMO)។
ការរីករាលដាលនៃ Covid-19 នៅក្នុងប្រទេសរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានសភាពធ្ងន់ធ្ងរជាងនេះមួយផ្នែកដោយសារតែការឆ្លងមេរោគដែលអាចចម្លងបានខ្ពស់ ហើយលឿនបំផុត។
សេចក្តីថ្លែងការណ៍របស់ PMO បានបន្ថែមថា រដ្ឋាភិបាលនឹងធានាថាប្រព័ន្ធថែទាំសុខភាពសាធារណៈនឹងមិនដួលរលំហើយការគាំទ្រនិងជំនួយជាច្រើននឹងត្រូវបានផ្តល់ទៅក្រសួងសុខាភិបាលដើម្បីបង្កើនសមត្ថភាពមន្ទីរពេទ្យនៅទូទាំងប្រទេស ។
គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីបានរាយការណ៍ពីចំនួនអ្នកស្លាប់ ៦១នាក់ និងករណីឆ្លងថ្មីចំនួន ៨.២៩០នាក់ កាលពីថ្ងៃសុក្រដែលជាថ្ងៃទី៤ ជាប់ៗគ្នានៃការឆ្លងដែលនាំឱ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ៥៤៩.៥១៤ ចាប់តាំងពីការរាតត្បាតជំងឺកូវីដ១៩។RT