គួឡាឡាំពួរ៖ នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ត្រូវគេរំពឹង ថា នឹងស្វះស្វែងរកចំណងទំនាក់ទំនងសេដ្ឋកិច្ច ឲ្យកាន់តែស៊ីជម្រៅ ជាមួយនឹងមហាយក្សអាស៊ី ហើយបន្ដរក្សាសន្ដិសុខជាមួយមហាអំណាចលោកខាងលិច ក៏ដូចជា ការដោះស្រាយបញ្ហាប្រឈមនឹងនានា នៅក្នុងសមុទ្រចិនខាងត្បូង និង ការពិភាក្សា អំពីបញ្ហាជាច្រើនទៀត ជាមួយនឹងលោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី ៣១ មីនា ២០២៣។
ក្រុមអ្នកវិភាគ បានអះអាង ថា លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ត្រូវបានគេរំពឹង ថា នឹងស្វែងរកនូវទំនាក់ទំនងសេដ្ឋកិច្ច ឲ្យកាន់តែស៊ីជម្រៅ ជាមួយដៃគូពាណិជ្ជកម្មដ៏ធំបំផុត នៃប្រទេសរបស់គាត់ និង ការដោះស្រាយបញ្ហាដ៏រសើប ដូចជា បញ្ហាសមុទ្រចិនខាងត្បូង នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាលើកដំបូងរបស់គាត់ ទៅកាន់ប្រទេសចិន ក្នុងឋានៈជាប្រមុខរដ្ឋាភិបាល។
លោក អានវ៉ា បានជាប់ឆ្នោត ក្លាយជានាយករដ្ឋមន្រ្ដីទី១០របស់ម៉ាឡេស៊ី នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ហើយគាត់កំពុងតែធ្វើឲ្យដំណើរទស្សនកិច្ចរបស់គាត់ ប្រឆាំងនឹងការនៅពីក្រោយឆាកសង្គ្រាមពាណិជ្ជកម្ម និង បច្ចេកវិទ្យា រវាងសហរដ្ឋអាមេរិក និង ចិន ដែលកំពុងតែតានតឹងឡើង។ បញ្ហានេះ ធ្វើឲ្យមានភាពស្មុគស្មាញយ៉ាងខ្លាំង ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម៉ាឡេស៊ី នៅក្នុងការរក្សាទំនាក់ទំនងជាវិជ្ជមាន ជាមួយនឹងប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលទាំង២របស់ពិភពលោក។
យ៉ាងណាមិញ ប្រទេសចិន ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ី នៅក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគី កើនឡើង រហូតដល់២០៣,៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ ប៉ុន្តែទោះជាយ៉ាងណា ក្រុងគួឡាឡាំពួរ ក៏នៅតែរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក ខណៈទំហំពាណិជ្ជកម្ម នៃប្រទេសទាំង២ កើនដល់ដល់៧២,៩ពាន់លានដុល្លារ កាលពីឆ្នាំមុន៕