លោក ពូទីន និយាយថាជម្លោះពិភពលោកបានពង្រឹងទំនាក់ទំនងរវាងរុស្ស៊ី និងចិន
ប៉េកាំង៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា ជម្លោះពិភពលោកបានពង្រឹងទំនាក់ទំនងប្រទេសរបស់លោកជាមួយចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៩ តុលា ២០២៣។
នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីចិន លោក ស៊ី ជីនពីង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់ថា ភាពចលាចលជាសកលបានធ្វើឱ្យប្រទេសចិន និងរុស្ស៊ីកាន់តែជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត។ លោក ពូទីន បន្តថា លោកមានសុទិដ្ឋិនិយមសម្រាប់អនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ចំណែកលោក ស៊ី ក៏បាននិយាយដែរថា ការជឿទុកចិត្តគ្នាខាងនយោបាយរវាងប្រទេសទាំងពីរ (ចិន-រុស្ស៊ី) កំពុងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅ។ លោក ពូទីន គឺជាភ្ញៀវកិត្តិយសនៅក្នុងកិច្ចប្រជុំកំពូលដែលរៀបចំដោយលោក ស៊ី នៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះដើម្បីអបអរសាទរគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់គាត់ ដែលជាគម្រោងពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធដ៏ធំចងភ្ជាប់ចិនទៅកាន់ពិភពលោក។
យោងតាមទិន្នន័យរបស់គយចិនបានបង្ហាញថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី ជាមួយនឹងទឹកប្រាក់ ១៩០ពាន់លានដុល្លារកាលពីឆ្នាំមុន។ មិនតែប៉ុណ្ណោះ ហើយលោក ស៊ី បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ចិនកំពុងឈានឆ្ពោះទៅរកគោលដៅ ២០០ពាន់លានដុល្លារ ដែលកំណត់ដោយប្រទេសទាំងពីរនៅក្នុងកិច្ចប្រជុំទ្វេភាគីនៅឆ្នាំនេះ៕