អន្តរជាតិ ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងជាលើកដំបូងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ក្រោយពីលោកឡើងកាន់តំណែងជាប្រធានាធិបតីចិន អាណត្តិទី៣ ទៅកាន់គណៈប្រតិភូជិត៣.០០០នាក់នៃសភាជាតិប្រជាជនចិនថា លោកនឹងពង្រឹងសន្តិសុខជាតិ ហើយធ្វើឱ្យកងទ័ពចិនក្លាយជាជញ្ជាំងដែកដ៏រឹងមាំមួយដើម្បីការពារផលប្រយោជន៍របស់ជាតិ ស្របពេលសម្ព័ន្ធភាពរវាងចិន និងអាមេរិកកាន់តែតឹងខ្លាំង ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TNN World នៅថ្ងៃទី១៤ មីនា ២០២៣។

លោក ស៊ី ជិនពីង ថ្លែងបន្តថា ស្ថេរភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេស ហើយចិនចាំបាច់ត្រូវមានស្ថេរភាពដើម្បីភាពរីកចម្រើន និងពឹងពាក់ខ្លួនឯងឱ្យបានច្រើន ។ លើសពីនេះ ចិនត្រូវមានបច្ចេកវិទ្យា និងវិទ្យាសាស្ត្រឈានមុខខ្លាំង បន្ទាប់ពីអាមេរិកព្យាយាមរារាំងចិនក្នុងការផលិតបន្ទះឈីប និងបច្ចេកវិទ្យាទំនើបនានា ។ មុននេះ រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរបស់ចិនបានដាស់តឿនថា ការព្យាយាមរបស់អាមេរិកដើម្បីគ្រប់គ្រងផលប្រយោជន៍របស់ចិន នឹងធ្វើឱ្យចិនមានជម្លោះ និងប្រឈមមុខដាក់គ្នាជាមួយអាមេរិក។

លើសពីនេះ គណបក្សកុម្មុយនិស្តចិននឹងមិនផ្លាស់ប្តូរគោលនយោបាយរួបរួមប្រទេសជាមួយតៃវ៉ាន់ទេ ដូច្នេះ លោក ស៊ី ជិនពីង បញ្ជាក់ថា លោកនឹងដោះស្រាយបញ្ហាជាមួយតៃវ៉ាន់ ព្រមទាំងជំរុញការអភិវឌ្ឍទំនាក់ទំនងឆ្លងដែនដោយសន្តិភាព ប៉ុន្តែលោកនឹងទប់ទល់ការជ្រៀតជ្រែកពីខាងក្រៅ រួមទាំងទប់ទល់នឹងក្រុមបែងចែកទឹកដីនៅតៃវ៉ាន់ផងដែរ ដែលពួកគេចង់ទាមទារឯករាជ្យពីប្រទេសចិន ។

ទោះយ៉ាងណា លោកប្រធានាធិបតីចិនបានបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រើប្រាស់គោលនយោបាយ «ប្រទេសមួយ របបពីរ» រួមទាំងហុងកុង និងម៉ាកាវផងដែរ ខណៈស្ថេរភាពនៅហុងកុង និងម៉ាកាវក្នុងរយៈពេលវែង គឺជារឿងសំខាន់មួយដែលជួយឱ្យចិនក្លាយជាប្រទេសរឹងមាំ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ