ផ្ទុះឃ្លាំងកាំជ្រួចនៅក្នុងប្រទេសថៃ ដោយបានសម្លាប់មនុស្ស០៩នាក់ ហើយជាង ១០០នាក់ទៀតរងរបួស
បាងកក៖ មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា ការផ្ទុះមួយបានឆាបឆេះឃ្លាំងកាំជ្រួចក្នុងប្រទេសថៃ ដោយបានសម្លាប់មនុស្ស០៩នាក់ ហើយជាង ១០០នាក់ទៀតរងរបួស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣០ កក្កដា ២០២៣។
ការផ្ទុះនេះបានកើតឡើង នៅទីក្រុង Sungai Kolok ក្នុងខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ ដោយត្រូវបានគេគិតថា បណ្តាលមកពីការផ្សារដែក កំឡុងពេលការងារសាងសង់លើអគារ។
អភិបាលខេត្ត Narathiwat លោក Sanan Pongaksorn បានប្រាប់ AFP ថា “ឃ្លាំងស្តុកកាំជ្រួចនៅ Sungai Kolok បានផ្ទុះនៅរសៀលនេះ ហើយចំនួនចុងក្រោយបំផុតគឺ ៩ នាក់បានស្លាប់ និង ១១៥នាក់ទៀតរងរបួស” ។
លោកបន្តថា អគ្គិភ័យស្ថិតក្រោមការគ្រប់គ្រងវិញ ហើយការស៊ើបអង្កេតបឋមបង្ហាញថា មូលហេតុគឺជាកំហុសបច្ចេកទេសកំឡុងពេលដំណើរការផ្សារដែក ដោយសារអាគារកំពុងសាងសង់។
យ៉ាងណាមិញ ប្រទេសថៃមានកំណត់ត្រាសុវត្ថិភាពមិនល្អក្នុងវិស័យសំណង់ ហើយគ្រោះថ្នាក់ដែលបណ្ដាលឲ្យមនុស្សស្លាប់ គឺជារឿងធម្មតា។ កាលពីខែមុន មនុស្សពីរនាក់បានស្លាប់នៅពេលស្ពានផ្លូវដែលកំពុងសាងសង់ក្នុងទីក្រុងបាងកក បានបាក់សង្កត់លើចរាចរណ៍៕