ស្រុកកំពង់ត្របែក ៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋរាប់រាយនាក់ ឯកឧត្តម ហោ សំអាត ទើបតែតាំងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំប្រាសាទថ្មី បានធ្វើការបេ្តជ្ញាចិត្តបង្កើតរួមស្តង់ដារតែមួយ ដើម្បីធ្វើយ៉ាងណាឱ្យឃុំប្រាសាទ មានការអភិវឌ្ឍ ដូចឃុំកន្សោមអក។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ឯកឧត្តម ហោ សំអាត ក៏ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកន្សោមអក ដែរ ខណៈឃុំកន្សោមអក សព្វថ្ងៃនេះមានការរីកចម្រើនឥតឈប់ឈរ ដោយមានការចង្អុលបញ្ហាពី ឯកឧត្តម ហោ សំអាត និងក្រុមការងារជាច្រើនរូបទៀត។

ឯកឧត្តម ហោ សំអាត បានធ្វើការប្តេជ្ញាចិត្តបែបនេះ ក្នុងឱកាសកិច្ចប្រជុំប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមកាងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំប្រាសាទ និងផ្សព្វផ្សាយសេចក្តីណែនាំរបស់ គណៈកម្មាធិការគណបក្សស្រុកកំពង់ត្របែកក្រោម អធិបតីភាព ឯកឧត្តម ហាស់ សារ៉េត ប្រធានក្រុមការងារស្រុកកំពង់ត្របែក និង ឯកឧត្តម មុំម ស៊ីបុន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង  នាថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម ហោ សំអាត ទទួលបានការតែងតាំងជាប្រធានក្រុមការងារចុះជួយឃុំប្រាសាទ ស្របតាមសេចក្តីស្របតាមសេចក្តីសម្រេចស្តីពីការសម្រួលភារកិច្ច ផ្ទេរ និងតែងតាំង បំពេញបន្ថែមសមាសភាពក្រុមកាងារគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់ត្របែក ខេត្តព្រៃវៃង ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ របស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តម ហោ សំអាត បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត ដ៏មុតមាំរបស់ថ្នាក់ដឹកនាំ បានប្រកាសយ៉ាងមុះមុតថា «នឹងបំពេញបេសកកម្មដែលគណបក្សប្រជាជនកម្ពុជាប្រគល់ជូន និងព្យាយដោះស្រាយសំណូមពរ ក្តីកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយភាពទទួលខុសត្រូវខ្ពស់ និងគោរពអនវុត្តតាមការចាត់តាមឋានានុក្រម»។ ទន្ទឹមនឹងនេះ ក្រុមការងារនឹងអនុវត្តតាមសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម បន្ដថា ក្នុងនោះបន្តអនុវត្តរាល់ផែនការ សកម្មភាព និងការចង្អុលបង្ហាញរបស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង និងគណៈកម្មាធិការគណបក្សបរ្ជាជនកម្ពុជា ស្រុកកំពង់ត្របែកដែលដាក់ឱ្យអនុវត្ត ព្រមទាំង ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងទំនាក់ទំនងកាងារជាមួយគ្រប់ក្រុមការងារ និងថ្នាក់ដឹកនាំភូមិ ឃុំ។ ស្របជាមួយគ្នានេះដែរ ឯកឧត្តម និងក្រុមការងារនឹងទទួលអនុវត្តរាល់បទបញ្ជា និងចូលរួមផ្សព្វផ្សាយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាព។

គួររំលឹកផងថា បើតាមលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅឃុំកន្សោមអក បានឈ្នះលេខ១ ក្នុងចំណោមឃុំទូទាំងស្រុកកំពង់ត្របែក ខណៈស្រុកកំពង់ត្របែកមានចំនួន ១៣ឃុំ ដែលមានប្រជាពលរដ្ឋ ចេញទៅបោះឆ្នោតសរុបចំនួន ៧,៣៧៧នាក់ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៥,៥៦០សំឡេង។

សូមជម្រាបជូនថា ឃុំប្រសាទមានភូមិចំនួន ៩រួមមាន៖ ភូមិប្រាសាទ, ភូមិចំបក់, ភូមិអំពិល,ភូមិពាន់វត្ត ភូមិជ្រលង,ភូមិជូនទុង, ភូមិបី,ភូមិភួង និង ភូមិថ្កូវ ដោយមានផ្ទៃដីសរុបចំនួន ២៦៦៦,៨៩ហិកតា ផ្ទៃដីកសិកម្ម ២២៩១,២៣ ហិកតា ផ្ទៃដីលំនៅដ្ឋាន៣៣៧,១២ ហិកតា និងផ្ទៃដីសាធារណៈ៣៨,៥៤ហិកតា។ ជាមួយគ្នានេះដែរ ក្នុងឃុំប្រាសាទ មានប្រជាជនសរុបចំនួន ១៣៥,៧៧នាក់ ស្រី៦៩០៨នាក់និង ២៩៧០គ្រួសារ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ