វ៉ាស៊ីនតោន៖ ក្រោយពេល ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន បានអួតអាង អំពីជ័យជម្នះរបស់កងទ័ពរុស្ស៊ី នៅក្នុងទីក្រុងម៉ារីអូប៉ូល (Mariupol) នោះភ្លាម លោក ចូ បៃដិន បានអះអាងថា កម្លាំងការពារអ៊ុយក្រែន នៅតែបន្ដគ្រប់គ្រង នៅក្នុងទីក្រុងកំពង់ផែយុទ្ធសាស្រ្ដនេះនៅឡើយ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី២២ មេសា ២០២២។

ក្រុងវ៉ាស៊ីនតោន បានថ្លែងថា ការអះអាងរបស់លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី អំពីការរំដោះបានទីក្រុងម៉ារីអូប៉ូលរបស់អ៊ុយក្រែន ដែលត្រូវបានកម្លាំងទាហានរុស្ស៊ី ឡោមព័ទ្ធជាប់នោះ គឺជាព័ត៌មានមិនពិតទាល់តែសោះ។

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន កាលពីថ្ងៃទី២១ ខែមេសា បានប្រកាស អំពីជ័យជម្នះរបស់កងទ័ពរបស់ខ្លួន នៅក្នុងទីក្រុងកំពង់ផែយុទ្ធសាស្រ្ដម៉ារីអូប៉ូល នៅតាមឆ្នេរសមុទ្រអាហ្សូវ ក្រោយពេលក្រុងមូស្គូ បានបាញ់សាកល្បងមីស៊ីលអន្ដរទ្វីប Sarmat ប្រកបដោយជោគជ័យ។ 

ជាមួយនឹងការសាកល្បងមីស៊ីលថ្មីនេះ លោក ពូទីន ថែមទាំងគំរាមកំហែងដល់បណ្ដាមហាអំណាចបច្ចិមលោក ដោយអួតអាង អំពីអានុភាពគ្មានគូប្រៀបរបស់មីស៊ីល Sarmat ព្រោះវាអាចវាយប្រហារ ដល់គ្រប់គោលដៅទាំងអស់ នៅលើពិភពលោក។

ស្របពេលស្ថានការណ៍សង្គ្រាម បានឈានដល់ដំណាកកាលថ្មី ហើយការវាយប្រយុទ្ធ កាន់តែមានសភាពខ្លាំងក្លាឡើងនោះ លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ( Volodymyr Zenlenskyy) ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវ សុំជំនួយគ្រឿងយុទ្ធោបករណ៍ កាន់តែច្រើនឡើងបន្ថែមទៀត និងបន្ដសុំឲ្យដាក់ទណ្ឌកម្មកាន់តែខ្លាំងក្លា ប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយសារកងទ័ពក្រុងមូស្គូ កំពុងតែបង្កើននូវការវាយប្រហារកាន់តែខ្លាំង នៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន។

ជាមួយនឹងការអំពាវនាវ ពីមេដឹកនាំអ៊ុយក្រែន នោះ លោក ចូ បៃដិន សន្យាបន្ដផ្ដល់ជំនួយអាវុធធុនធ្ងន់ គ្រាប់រំសេវ និង ដ្រូន បន្ថែមទៀត ជួយដល់ប្រទេសអឺរ៉ុបខាងកើត ដែលកំពុងតែរងគ្រោះ ពីការឈ្លានពានរបស់កម្លាំងទាហានរុស្ស៊ី។ ជំនួយទាំងនេះ ក៏ស្ថិតក្នុងផ្នែកមួយ នៃកញ្ចប់គ្រឿងចម្បាំង មានទឹកប្រាក់តម្លៃ ៨០០លានដុល្លារសហរដ្ឋអាមេរិក ផងដែរ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ