កូរ៉េខាងជើង ៖ ក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ថា អង្គការសហប្រជាជាតិ (UN) គួរតែអំពាវនាវឱ្យបញ្ឈប់ការធ្វើសមយុទ្ធរួមគ្នាផ្នែកកងទ័ពរវាងកូរ៉េខាងត្បូង និងអាមេរិកជាបន្ទាន់ ដោយកូរ៉េខាងជើងផ្តល់ហេតុផលថា ប្រទេសទាំងពីរកំពុងធ្វើឱ្យស្ថានភាពកាន់តែតានតឹងលើសពីការគ្រប់គ្រង ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The standard នៅថ្ងៃទី០៦ មីនា ២០២៣។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងលោក Kim Sun Kyung និយាយថា «ការធ្វើសមយុទ្ធរវាងសម្ព័ន្ធមិត្តទាំងពីរ (កូរ៉េខាងត្បូង និងអាមេរិក) កំពុងបង្កើនការប្រឈមមុខដោយគ្មានការទទួលខុសត្រូវ ហើយអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ គួរតែទាមទារឱ្យកូរ៉េខាងត្បូង និងអាមេរិកឈប់និយាយបង្កជម្លោះ និងឈប់ធ្វើសមយុទ្ធកងទ័ពរួមគ្នាជាបន្ទាន់ ។ វាជារឿងគួរឱ្យសោកស្តាយណាស់ដែល UN នៅស្ងៀមស្ងាត់ចំពោះការធ្វើសមយុទ្ធមានលក្ខណៈឈ្លានពានយ៉ាងច្បាស់នេះ» ។

នៅខែមីនា កូរ៉េខាងត្បូង និងអាមេរិកមានគម្រោងធ្វើសមយុទ្ធកងទ័ពរួមគ្នាដ៏ធំមួយរយៈពេលជាង១០ថ្ងៃ ហើយកាលពីថ្ងៃទី៣ ខែមីនា កន្លងមក កងទ័ពប្រទេសទាំងពីរបានធ្វើសមយុទ្ធផ្លូវអាកាស ដោយមានយន្តហោះទម្លាក់គ្រាប់បែកក្នុងចម្ងាយឆ្ងាយរបស់អាមេរិក និងយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូងចូលរួមផងដែរ ។ កូរ៉េខាងត្បូង និងអាមេរិកបញ្ជាក់ថា ការធ្វើសមយុទ្ធរួមគ្នានេះដើម្បីការពារខ្លួនឯង និងចាំបាច់ ដើម្បីទប់ទល់នឹងការគំរាមកំហែងកំពុងកើនឡើងដោយសារគម្រោងមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានហាមឃាត់ ។

ទោះយ៉ាងណា កាលពីថ្ងៃទី៤ ខែមីនា រដ្ឋាភិបាលកូរ៉េខាងជើងបានថ្កោលទោសអាមេរិកថា គឺជាដើមហេតុនៃការដួលរលំប្រព័ន្ធគ្រប់គ្រងអាវុធអន្តរជាតិ ហើយថា អាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង គឺជាការឆ្លើយតបដោយយុត្តិធម៌ដើម្បីធានាតុល្យភាពអំណាចក្នុងតំបន់ ។

យ៉ាងណាមិញ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres អយុត្តិធម៌ និងគ្មានតុល្យភាពចំពោះការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ