អង់គ្លេស៖ Manchester United ទទួលបានក្ដីរំពឹងខ្ពស់ ក្នុងការឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Europa League ក្រោយវាយបកយកឈ្នះ Roma ដោយលទ្ធផល ៦-២ ក្នុងការប្រកួតកាលពីយប់មិញ។

Bruno Fernandes បានរកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់បិសាចក្រហម ប៉ុន្ដែត្រូវបានក្រុមភ្ញៀវតាមស្មើមួយគ្រាប់វិញដោយសារស៊ុតប៉េណាល់ទីរបស់ Lorenzo Pellegrini។

ខ្សែបម្រើអ៊ីតាលីរូបនេះ បានបញ្ជូនឱ្យ Eden Dzeko រកគ្រាប់បាល់នាំមុខមួយគ្រាប់បន្ថែមទៀត មុនចប់តង់ទី១ ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះវាយបក៥គ្រាប់ផ្ទួនៗនៅតង់ទី១។

ខ្សែប្រយុទ្ធលេខ៧ Edinson Cavani រកបានពីរគ្រាប់ មុនពេល Bruno ស៊ុតប៉េណាល់ទីឱ្យ Man Utd នាំមុខ ៤-២ ហើយពីរគ្រាប់ទៀតរកបានដោយខ្សែបម្រើ Paul Pogba និងខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood ដែលត្រូវបានប្ដូរចូល។

គួរបញ្ជាក់ថា ក្រុមរបស់លោក Ole Gunnar Solskjaer នឹងធ្វើដំណើរប្រកួតជើងទី២នៅទឹកដីរបស់ Roma នៅថ្ងៃ៧ ខែឧសភាខាងមុខ ជាមួយនឹងក្ដីសង្ឃឹមខ្ពស់ថាអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ