ហ្វីលីពីននិងជប៉ុន ពង្រឹងកម្លាំងយោធា ព្រោះខ្លាចចិនឈ្លានពានតៃវ៉ាន់ ស្របពេលដែលហ្វីលីពីនអនុញ្ញាតដល់កងទ័ពសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានយោធា ចំនួន៤កន្លែងនៅក្នុងប្រទេស
តូក្យូ៖ ភាពតានតឹងកាន់តែខ្លាំង នៅសមុទ្រចិន និង ការព្រួយបារម្ភកំពុងតែកើនឡើង ជុំវិញការលុកលុយរបស់ចិន ទៅលើកោះតៃវ៉ាន់ ក៏កំពុងតែជំរុញឲ្យជប៉ុន និងហ្វីលីពិន បង្កើននូវទំនាក់ទំនងយោធា កាន់តែស៊ីជម្រៅ ខណៈប្រទេសអាស៊ានមួយនេះ កំពុងតែមានជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ជាមួយនឹងក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Alarabiya News នៅថ្ងៃទី០៩ កុម្ភៈ ២០២៣។
លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marco) ប្រធានាធិបតីហ្វីលីពីន កាលពីព្រឹក ថ្ងៃពុធ បានធ្វើដំណើរទៅកាន់រាជធានីតូក្យូ ដើម្បីជួបជាមួយនឹងនាយករដ្ឋមន្រ្ដីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida)។ មេដឹកនាំទាំង២ កំពុងតែស្វែងរកនូវទំនាក់ទំនង ឲ្យកាន់តែស៊ីជម្រៅ ដោយរាប់បញ្ចូលទាំងកិច្ចព្រមព្រៀងការពារជាតិ ដែលជាការឆ្លើយតប ទៅនឹងសម្ពាធយោធារបស់ចិន កំពុងតែកើនឡើង នៅក្នុងតំបន់។
ដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតី ម៉ាកូស បានកើតឡើង នៅសប្ដាហ៍នេះ ក្រោយពេលក្រុងម៉ានីល បានប្រកាសអំពីកិច្ចព្រមព្រៀងមួយ ដែលនឹងអនុញ្ញាត ដល់កងទ័ពសហរដ្ឋអាមេរិក មានសិទ្ធិចូលទៅប្រើប្រាស់មូលដ្ឋានយោធា ចំនួន៤ផ្សេងទៀត នៅក្នុងប្រទេសអាស៊ានមួយនេះ។ ទន្ទឹមគ្នានេះដែរ ជប៉ុន និង ហ្វលីពិន ក៏បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការចរចា ស្ដីអំពីកតិកាសញ្ញាការពារជាតិសំខាន់ៗ។
ជុំវិញការគំរាមកំហែង ពីប្រទេសចិន បានជំរុញឲ្យជប៉ុន បង្កើនថវិកាលើវិស័យការពារជាតិ រហូតដល់ ៣២៣,៤ពាន់លានដុល្លារ ដោយកើនឡើងទ្វេដង ដែលស្មើនឹង២ភាគរយ នៃផលិតក្នុងស្រុកសរុប (GDP)របស់ជប៉ុន តាមស្ដង់ដាររបស់អង្គការណាតូ៕RT