ទីបំផុត! លោក ម៉ូហាម៉េដ ហាសាន នឹងដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នរបស់តាលីបង់ ខណៈលោកអាប់ឌុលហ្កានី បារ៉ាដាជា អនុប្រធាន
កាប៊ុល៖ ការបង្កើតរដ្ឋាភិបាលត្រូវបានពន្យារពេលពីរដងខណៈដែលក្រុមតាលីបង់ត្រូវបានគេរាយការណ៍ថាកំពុងជួបការលំបាកក្នុងការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលដែលអាចទទួលយកបានពីសហគមន៍អន្តរជាតិ។នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន AFP នៅថ្ងៃទី០៧ កញ្ញា ២០២១៕
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា លោក ម៉ូហាម៉េដហាសាន (Mohammad Hasan) នឹងដឹកនាំរដ្ឋាភិបាលតាលីបង់ថ្មីនៅអាហ្វហ្គានីស្ថានហើយសហស្ថាបនិកក្រុមលោក អាប់ឌុលហ្កានី បារ៉ាដា(Abdul Ghani Baradar) នឹងក្លាយជាអនុប្រធាន។ ក្រុមតាលីបង់បានប្រកាសសមាជិកដំបូងនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មីរបស់ពួកគេបន្ទាប់ពីពន្យារពេលរយៈពីរដង។
Mullah Hasan Akhund បានដឹកនាំរដ្ឋាភិបាលតាលីបង់ចុងក្រោយនៅក្នុងឆ្នាំចុងក្រោយនៃការគ្រប់គ្រងរបស់ខ្លួនដែលបានបញ្ចប់បន្ទាប់ពីការលុកលុយដឹកនាំដោយអាមេរិក។ លោកអាប់ឌុលហ្កានីបារ៉ាដាប្រធានការិយាល័យនយោបាយតាលីបង់នៅទីក្រុងដូហាបានដឹកនាំកិច្ចចរចាជាមួយអាមេរិកដែលជាលទ្ធផលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងពួកគេហើយទីបំផុតអាមេរិកបានដកខ្លួនចុងក្រោយពីអាហ្វហ្គានីស្ថាន។
យ៉ាងណាមិញ ការបង្កើតរដ្ឋាភិបាលត្រូវបានពន្យារពេលពីរដងដោយសារក្រុមបះបោរត្រូវបានគេរាយការណ៍ថាកំពុងជួបការលំបាកក្នុងការបង្កើតរដ្ឋបាលរួមដែលសហគមន៍អន្តរជាតិអាចទទួលយកបាន។
ទោះយ៉ាងណាក៏ដោយឈ្មោះដំបូងរបស់រដ្ឋាភិបាលបណ្តោះអាសន្នមិនបានរាប់បញ្ចូលភាគីពាក់ព័ន្ធដែលមិនមែនជាតាលីបង់ដែលជាតម្រូវការចម្បងពីសហគមន៍អន្តរជាតិឡើយ។ ដោយឡែក របាយការណ៍ខ្លះបង្ហាញថាការជ្រៀតជ្រែករបស់ប៉ាគីស្ថានក្នុងការបង្កើតរដ្ឋាភិបាលក៏បណ្តាលឱ្យមានការពន្យារពេលផងដែរ។