ឆ្កែរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានខាំមនុស្សចំនួន ៧នាក់ ក្នុងនោះមានភ្នាក់ងារសម្ងាត់អាមេរិកម្នាក់
អន្តរជាតិ៖ គិតត្រឹមរយៈពេល ៤ ខែ ឆ្កែរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានខាំមនុស្សដល់ទៅ ៧ នាក់ ក្នុងនោះមានភ្នាក់ងារសម្ងាត់ម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទៀតផង ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី២៧ កក្កដា ២០២៣។
បើយោងតាមក្រុមឃ្លាំមើល Judicial Watch បានឲ្យដឹងថា ឧប្បត្តិហេតុនេះកើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ នៅពេលឆ្កែលោក បៃដិន ពូជប៊ែកហ្សេចុះពីលើជណ្ដើរ ហើយរត់ទៅខាំភ្នាក់ងារសម្ងាត់ដែលកំពុងអង្គុយនៅខាងក្រោម ។ ឆ្កែនោះមានឈ្មោះថា Commander ឬមេបញ្ជាការ អាយុ ១ ឆ្នាំ ហើយភាគច្រើនវាខាំគេត្រង់ដៃ និងភ្លៅ បណ្ដាលឲ្យឈឺចាប់ជាខ្លាំងរហូតអ្នករងរបួសត្រូវសម្រាកនៅមន្ទីរពេទ្យរយៈពេល ៣ ថ្ងៃ បន្ទាប់ពីការវាយប្រហារ។
ពាក់ព័ន្ធនឹងករណីខាងលើ មិត្តភ័ក្ដិរបស់អ្នករងរបួសនិយាយថា “វាកំប្លែងណាស់ បើឆ្កែនោះមិនមែនជារបស់លោក បៃដិន ទេនោះ គាត់ប្រហែលជាសម្លាប់វាបាត់ហើយ” ។
ឆ្កែ Commander ត្រូវបានប្រគល់ជូនលោក បៃដិន ក្នុងខែធ្នូ ឆ្នាំ ២០២១ បន្ទាប់ពីឆ្កែចាស់របស់គាត់ដែលមានអាយុ ១៣ ឆ្នាំបានងាប់ ។ ក្នុងពេលជាមួយគ្នានេះ ឆ្កែប៊ែកហ្សេផ្សេងទៀតរបស់លោក បៃដិន ឈ្មោះ Major ក៏ត្រូវបានបញ្ជូនទៅរដ្ឋ Delaware ផងដែរ ព្រោះវាបានខាំភ្នាក់ងារសម្ងាត់ម្តងហើយម្តងទៀត។
កាលពីថ្ងៃអង្គារ លោក Tom Fitton ប្រធានក្រុមឃ្លាំមើល Judicial Watch បាននិយាយថា “នេះជារឿងឆ្កួត និងបង្ហាញពីអំពើពុករលួយ ដែលប្រធានាធិបតីអនុញ្ញាតឲ្យឆ្កែរបស់គាត់វាយប្រហារ និងខាំមនុស្សតាមចិត្ត” ។
ដោយឡែក បន្ទាប់ពីបញ្ជូនភ្នាក់ងារសម្ងាត់រងរបួសទៅមន្ទីរពេទ្យហើយ ឆ្កែ Commander បានខាំមនុស្ស ៦ នាក់បន្ថែមទៀត បើគិតពីចន្លោះខែតុលាឆ្នាំ ២០២២ ដល់ខែមករាឆ្នាំ ២០២៣ ។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងចំនួនជនរងគ្រោះ ដោយសារឆ្កែ Commander សរុបនៅឡើយទេ ដោយសារវានៅតែបន្តស្នាក់នៅសេតវិមានដដែល ។
យ៉ាងណាមិញ អ្នកស្រី Elizabeth Alexander នាយកទំនាក់ទំនងរបស់ជំទាវទីមួយលោកស្រី Jill Biden បានឲ្យដឹងថា ដោយសារសេតវិមានមានបរិយាកាសតានតឹងសម្រាប់សត្វចិញ្ចឹម គ្រួសាររបស់លោក បៃដិន កំពុងព្យាយាមដោះស្រាយបញ្ហានេះជូនអ្នកទាំងអស់គ្នាហើយ៕