យ៉ាងហោចណាស់មនុស្ស១០នាក់បានស្លាប់ ក្នុងការបាញ់ប្រហារដ៏ធំ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក
កាលីហ្វ័រញ៉ា៖ ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស១០នាក់ និងបង្កអោយ១០នាក់ទៀតរងរបួសនៅក្លិបរាំបាល់ឡេក្នុងតំបន់ឡូសអ៊ែនជើឡេសមួយក្រោយការប្រារព្វពិធីអបអរការចូលឆ្នាំចិនថ្មី ជាហេតុនាំមានការតាមប្រមាញ់ជនសង្ស័យនៅក្នុងការបាញ់សម្លាប់មនុស្សច្រើនៗលើកទីប្រាំនៅអាមេរិកនៅក្នុងខែមករានេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ២៣ មករា ២០២៣។
ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតឧបទ្ទវហេតុមួយទៀតនៅទីក្រុងអាល់ហាមប្រា (Alhambra)ក្បែរនោះ។ពួកមន្ត្រីមិនបានផ្តល់ព័ត៌មានថាមានអ្វីបានកើតនៅទីនេះទេនិងគេក៏មិនដឹងថាតើឧបទ្ទវហេតុនេះមានជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅ ទីក្រុង ម៉ុនធឺរ៉េ ផាកដែរឬអត់។
ការបាញ់ប្រហារកើតមាននៅទីក្រុង ម៉ុនធឺរ៉េ ផាក កន្លែងដែលអំពូលភ្លើងក្រហមត្រូវបានតុបតែងតាមដងវិថីដើម្បីអបអរឆ្នាំថ្មីរបស់ប្រជាជនចិន។ការអបអរការចូលឆ្នាំថ្មីរបស់ប្រជាជនចិននិងកាត់ចិននៅទីក្រុង ម៉ុនធឺរ៉េ ផាក ជាពិធីធំបំផុតនិងទាក់ទាញមនុស្សរាប់ម៉ឺននាក់។អ្នកស្រុកនៅទីក្រុងម៉ុនធឺរ៉េ ផាក ភាគច្រើនជាជនអន្តោប្រវេសន៍ទៅពីចិន ឬជនជាតិអាម៉េរិកដើមកំណើតអាស៊ីជំនាន់ទីមួយ។
សូមបញ្ជាក់ថា វាជាការបាញ់ប្រហារសម្លាប់មនុស្សច្រើនលើកទី៥ នៅអាមេរិកចាប់តាំងពីដើមឆ្នាំ២០២៣និងជាការសម្លាប់មនុស្សច្រើនបំផុតនៅអាម៉េរិកចាប់តាំងពីថ្ងៃ២៤ ឧសភា ឆ្នាំ២០២២ ពេលដែលមនុស្ស២២នាក់ត្រូវបានសម្លាប់នៅសាលារៀនមួយក្នុងក្រុងយូវ៉ាល់ដេ(Uvalde) រដ្ឋតិចសាស់៕