ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងកោះប្រជុំតបតាមសំណើរបស់រុស្ស៊ី ដើម្បីស៊ើបអង្កេតលើសកម្មភាពជីវសាស្រ្តយោធារបស់អាមេរិកនៅអ៊ុយក្រែន
ញូយ៉ក៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នឹងកោះប្រជុំមួយនៅថ្ងៃសុក្រនេះតបតាមសំណើរបស់រុស្ស៊ី ដើម្បីពិភាក្សាអំពីការស្រាវជ្រាវផ្នែកជីវសាស្ត្រយោធា ដែលមានជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី១១ មីនា ២០២២។
តំណាងអចិន្ត្រៃយ៍រងទីមួយរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក ទីមីទ្រី ផូលីយ៉ានស្គី (Dmitry Polyanskiy) បានបង្ហាញសំណើនេះនៅលើបណ្តាញសង្គមធ្វីតធើកាលពីព្រហស្បតិ៍។ រុស្ស៊ីកំពុងចោទប្រកាន់ថា មានបណ្តាញមន្ទីរពិសោធន៍ (biolabs) ក្នុងប្រទេសអ៊ុយក្រែន ដែលធ្វើការក្នុងនាមក្រសួងការពារជាតិអាមេរិក និងបង្កើតជាផ្នែកមួយនៃកម្មវិធីអាវុធជីវសាស្ត្រ។
ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញមុខច្រានចោលការចោទប្រកាន់ដែលថា អ៊ុយក្រែនបានផលិត ឬត្រូវបានប្រើប្រាស់ជាទីតាំងផលិតអាវុធគីមី ឬអាវុធប្រល័យលោក។
ការបដិសេធនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានកងការពារនុយក្លេអ៊ែរ-គីមី-ជីវសាស្រ្តរុស្ស៊ីលោក អ៊ីហ្គ័រ គីរ៉ីលូវ បានអះអាងថា បណ្តាញនៃមន្ទីរពិសោធន៍ជីវសាស្រ្តជាង ៣០ ត្រូវបានបង្កើតឡើងនៅអ៊ុយក្រែន ក្រោមការចុះកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារ DTRA របស់ក្រសួងការពារជាតិអាមេរិក។
គួរបញ្ជាក់ងថា សហរដ្ឋអាមេរិកក៏បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ីនេះដែរ និងថា ជារឿងគួរឱ្យអស់សំណើច ហើយថា រុស្ស៊ីប្រហែលជាកំពុងដាក់មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់អាវុធគីមី ឬជីវសាស្រ្ត៕