ភ្នំពេញ ៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រៀបចំឡើងក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានទទួលការចូលរួមដ៏គួរឱ្យកត់សម្គាល់ ពីសាលារៀនទូទាំងប្រទេសសរុប ចំនួន ៥,៨០៨សាលា គ្រូបង្រៀនចំនួន ១៩១,១៨៣នាក់ និងសិស្សានុសិស្ស ចំនួន ២,៤៣៩,៥៣៩នាក់ សរុបចំនួន ២,៦៥៥,២៣១នាក់ គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១៤ វិច្ឆិកា នេះ ថា ដូចនេះប្រជាពលរដ្ឋ ចំនួន ១៥.៦១% បានចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ខណៈតាមការគណនានៃការចូលរួមដោយប្រយោលពីសំណាក់ឪពុក ម្តាយ អាណាព្យាបាល និងសាច់ញាតិ អាចប៉ាន់ប្រមាណថា មានប្រជាពលរដ្ឋជិត ៥០ភាគរយនៃចំនួនពលរដ្ឋទូទាំងប្រទេសបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ។

ក្រសួង បន្ថែមថា ការចូលរួមដ៏សកម្មរបស់កម្ពុជានាពេលនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវគំរូសកម្មភាពដ៏ល្អមួយ ដើម្បីចែករំលែកជាមួយប្រទេសដទៃទៀត នៅទូទាំងពិភពលោក ដោយបង្ហាញពីគំនិតផ្តួចផ្តើមដែលអាចកៀរគរមនុស្សនៅតាមសហគមន៍ សាលារៀន និងបុគ្គលនានា ឱ្យមានការបោះជំហានទៅមុខយ៉ាងសំខាន់ ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកយ៉ាងទូលំទូលាយ។

សូមបញ្ជាក់ថា ក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានដាក់ចេញនូវអាទិភាពចម្បង៣ ក្នុងនោះមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បើប្រៀបធៀបពីកម្លាំងទាក់ទាញ និងការផ្សព្វផ្សាយជាមួយចំនួនសិស្ស ប្រមាណ២លាននាក់ នោះប្រជាពលរដ្ឋប្រមាណកន្លះប្រទេស បានប្តេជ្ញាចិត្ត ឈប់ប្រើថង់ប្លាស្ទិក ១ដងក្នុងសប្តាហ៍ ឬអាច២ទៅ៣ ដងក្នុង១សប្តាហ៍។ យុទ្ធនាការនេះបានបញ្ជ្រាបមិនត្រឹមតែសិស្សានុសិស្សនៅតាមសាលារៀននោះទេ កម្មករកម្មការិនីនៅតាមរោងចក្រ សហគ្រាសនានា ហើយព្រមជាមួយគ្នានេះ ព្រះសង្ឃ នៅតាមវត្តអារាមនានា បានចូលរួមផងដែរអនុវត្តវិធានការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

លើសពីនេះ ក្រសួងបរិស្ថានកម្ពុជា បានបន្តពង្រឹងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយអនុវត្តវិធានការជាក់ស្តែង តាមរយៈដាក់ឱ្យប្រើប្រាស់ធុងសំរាម ដាច់ដោយឡែក នៅតាមសាលារៀន និងលើកទឹកចិត្តសិស្សានុសិស្សកែច្នៃប្លាស្ទិក និងសំណល់សំរាម ធ្វើជាជីកំប៉ុស។ វិធានការដ៏ចំបងនេះ បានកំពុងប្រព្រឹត្តទៅស្របតាមគំនិតផ្តួចផ្តើមជាសកល របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការបំពុលប្លាស្ទិក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ