ប្រធានាធិបតីបារាំងព្រមានថា កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នឹងជួបផលវិបាកដ៏ធ្ងន់ធ្ងរដែលជៀសមិនរួច
អន្តរជាតិ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងបរិហារការពន្លឿននៃកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែររបស់អ៊ីរ៉ង់ បន្ទាប់ពីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ដែលមកបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ដើម្បីស្វែងរកជំហរអឺរ៉ុបកាន់តែខ្លាំង ប្រឆាំងនឹងទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ កុម្ភៈ ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំអាហារពេលល្ងាចនៅវិមានអេលីហ្សេ លោក ម៉ាក្រុង បានព្រមានអ៊ីរ៉ង់ចំៗថា ការបន្តគម្រោងអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ នឹងមានផលវិបាកដ៏ធ្ងន់ធ្ងរដែលជៀសមិនរួច។
គួររម្លឹកផងដែរថា អ៊ីស្រាអែលបានចោទអ៊ីរ៉ង់ជាយូរមកហើយ ពីការស្វែងរកអាវុធនុយក្លេអ៊ែរ ខណៈទីក្រុងតេហេរ៉ង់ទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន មានគោលបំណងផលិតថាមពលតែប៉ុណ្ណោះ៕