អន្តរជាតិ៖ លោក Wang Yi ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនិស្តចិន បានជួបជាមួយលោក Yoshimasa Hayashi រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ដែលបានធ្វើដំណើរមកកាន់ទីក្រុងប៉េកាំង ប្រទេសចិន ។ លោក Yoshimasa Hayashi បានអំពាវនាវឱ្យប្រទេសទាំងពីរបង្កើតទំនាក់ទំនងជាមួយគ្នាស្របតាមយុគសម័យថ្មី ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TNN World នៅថ្ងៃទី ០៤ មេសា ២០២៣។
លោក Wang Yi ជាសមាជិករបស់គណៈកម្មការអចិន្ត្រៃយ៍នៃនាយកដ្ឋាននយោបាយរបស់គណៈកម្មការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងថា ទំនាក់ទំនងរវាងប្រទេសចិន និងជប៉ុន ជាទូទៅ មានស្ថេរភាព ប៉ុន្តែនៅពេលខ្លះមានសំឡេងខ្លាំងដាក់គ្នា និងការរំខានដល់គ្នាទៅវិញទៅមក ។ ដូច្នេះ វាមកពីមូលហេតុជប៉ុនមានចេតនាធ្វើតាមគោលនយោបាយមួយ ខណៈចិនគិតថា វាជាគោលនយោបាយមិនត្រឹមត្រូវរបស់អាមេរិក ហើយជប៉ុនបានសហការជាមួយអាមេរិក រួចបំផ្លាញទំនុកចិត្តរបស់ចិន។ លើសពីនេះ ជប៉ុនបានបង្កបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់ចិនផងដែរ ហើយគោលនយោបាយរបស់ចិនសម្រាប់ជប៉ុននឹងមានស្ថេរភាព ។
លោក Wang Yi បន្តថា ប្រទេសចិនព្រមសហការធ្វើការជាមួយជប៉ុន ក្នុងឱកាសគម្រប់ខួប៤៥ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព និងមិត្តភាពរវាងចិន និងជប៉ុន រហូតដល់បង្កើតទំនាក់ទំនងទ្វេភាគីស្របនឹងស្ថានភាពយុគសម័យថ្មី ។ ប្រទេសចិនសង្ឃឹមថា ជប៉ុននឹងធ្វើតាមការឯកភាពគ្នាដ៏សំខាន់នេះ ខណៈប្រទេសទាំងពីរបានសហការគ្នាយ៉ាងល្អ មិនរំលោភបំពានគ្នាទៅវិញទៅមក រហូតដល់សហការធ្វើការជាមួយគ្នាដើម្បីជំរុញ និងអភិវឌ្ឍន៍សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ។
ចំណែកលោក Yoshimasa Hayashi រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនថ្លែងថា ប្រទេសជប៉ុននឹងប្តេជ្ញាចិត្តធ្វើការជាមួយចិន ហើយអនុវត្តតាមអ្វីដែលមេដឹកនាំប្រទេសទាំងពីរយល់ស្របជាមួយគ្នា ដើម្បីផលប្រយោជន៍របស់ភាគីទាំងពីរ៕RT