រដ្ឋធានីកៀវ៖ ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ គឺមានរយៈពេល៣៩៣មកហើយ ខណៈការវាយប្រយុទ្ធគ្នា រវាងកងទ័ពរបស់អ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី កំពុងតែបន្ដ រកពន្លឺចរចាសន្ដិភាព នៅមិនទាន់ឃើញ ហើយការបំផ្លិចបំផ្លាញ និង ការឆក់យកអាយុជីវិតមនុស្ស កំពុងតែបន្ដ ប៉ុន្ដែធនាគារពិភពលោក បានអះអាង ថា នៅក្នុងរយៈពេលជាង១០ឆ្នាំទៅមុខទៀត ប្រទេសអឺរ៉ុបមួយនេះ នឹងត្រូវការចំណាយថវិកា សាងសង់ប្រទេសឡើងវិញ រហូតដល់៤១១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី ២៣ មីនា ២០២៣។

របាយការណ៍របស់ធនាគារពិភពលោក បានប៉ាន់ប្រមាណ ថា សង្គ្រាមនេះ នឹងធ្វើឲ្យអ៊ុយក្រែន ចំណាយថវិកា រហូតដល់៤១១ពាន់លានដុល្លារ សម្រាប់រយៈពេលជាង១០ឆ្នាំទៅមុខ ដើម្បីស្ដារ និង ស្ថាបនាប្រទេសឡើងវិញ ក្រោយការងើប ចេញពីសង្គ្រាមរបស់រុស្ស៊ី ជាមួយនឹងការចំណាយ លើការបោសសម្អាតកម្ទេចកម្ទី ពីទីក្រុងដែលបានរងនូវគ្រោះមហន្ដរាយ ហើយទីក្រុងនានា នឹងត្រូវចំណាយ រហូតដល់៥ពាន់លានដុល្លារ។

ការប៉ាន់ប្រមាណ គួរតែត្រូវចាត់ទុក ជាអប្បបរមា ស្របពេលតម្រូវការ នឹងបន្តកើនឡើងជាដរាប ដោយសារសង្រ្គាម កំពុងតែបន្ត។ របាយការណ៍នេះ បានធ្វើឡើងរួមគ្នា ដោយរដ្ឋាភិបាលអ៊ុយក្រែន ធនាគារពិភពលោក គណៈកម្មការអឺរ៉ុប និង អង្គការសហប្រជាជាតិ។ ចំណែកការវាយតម្លៃ រហូតដល់៤១១ពាន់លានដុល្លារអាមេរិកនេះ បានបង្ហាញនូវការកត់សម្គាល់នូវការកើនឡើង អំពីការប៉ាន់ប្រមាណ នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោក ត្រូវបានចេញផ្សាយ នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២២ មានចំនួន ៣៤៩ពាន់លានដុល្លារ។

យ៉ាងណាមិញ អំពីចំនួនខូចខាតផ្នែកសេដ្ឋកិច្ច និង មនុស្ស ដោយរាប់បញ្ចូល ទាំងផ្ទះសម្បែង ជិត២លានខ្នងត្រូវបានបំផ្លិចបំផ្លាញ ស្ថាប័នសុខភាពសាធារណៈជាច្រើនក៏ត្រូវបានរងការខូចខាត រថយន្តសង្គ្រោះចំនួន៦៥០គ្រឿង បានខូចខាត ឬ ត្រូវបានគេលួច ហើយជនស៊ីវិល យ៉ាងហោចណាស់ ចំនួន ៩ ៦៥៥នាក់ បានស្លាប់ ដោយរួមទាំងកុមារ ចំនួន៤៦១នាក់ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ