អ៊ុយក្រែនត្រៀមចំណាយ ១.២៥ពាន់លានដុល្លារ ផលិតយន្តហោះដ្រូនប្រយុទ្ធនឹងរុស្ស៊ី
ប៉ារីស៖ អ៊ុយក្រែនកំពុងប្រើយុទ្ធសាស្រ្តពឹងផ្អែកលើយន្តហោះដ្រូន ជំនួសកាំភ្លើងធំ ដែលប្រឈមនឹងការខ្វះខាតគ្រាប់ ដើម្បីប្រយុទ្ធនឹងកងទ័ពរុស្ស៊ី ប៉ុន្តែអ្នកជំនាញព្រមានថា ផែនការនេះប្រហែលជាមិនមានប្រសិទ្ធិភាពនោះទេ។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ មីនា ២០២៤។
យន្តហោះដ្រូនចំនួនពីរប្រភេទ មានដូចជាយន្តហោះដ្រូនចម្បាំង និងយន្តហោះដ្រូនពាណិជ្ជកម្ម កំពុងត្រូវបានប្រើប្រាស់នៅក្នុងសមរភូមិប្រយុទ្ធនៅអ៊ុយក្រែន ជាពិសេសយន្តហោះដ្រូន First Person View (FPV)។ យន្តហោះដ្រូន FPV អនុញ្ញាតឱ្យអ្នកបញ្ជាពួកវា អាចកំណត់ទីតាំងរបស់សត្រូវ និងអាចវាយប្រហារសត្រូវចេញពីចម្ងាយពីរទៅបីគីឡូម៉ែត្រ។
នៅក្នុងថវិកាជាតិឆ្នាំ២០២៤ អ៊ុយក្រែនត្រៀមចំណាយប្រាក់ ១.១៥ពាន់លានអឺរ៉ូ ឬប្រហែល ១.២៥ពាន់លានដុល្លារ ដើម្បីផលិតយន្តហោះដ្រូន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានប្រកាសដែរថា ប្រទេសរបស់គាត់ នឹងផលិតយន្តហោះដ្រូនចំនួនមួយលាននៅឆ្នាំ២០២៤នេះ។
ការកំណត់គោលដៅបែបនេះរបស់អ៊ុយក្រែន កើតឡើងស្របពេលដែលប្រទេសគាំទ្រ មានដូចជាអង់គ្លេសគ្រោងផ្តល់យន្តហោះដ្រូនជាង ១០,០០០គ្រឿងដល់អ៊ុយក្រែន ក្នុងនោះ១,០០០គ្រឿងជាយន្តហោះដ្រូន FPV ហើយបារាំងក៏ត្រៀមបញ្ជាទិញយន្តហោះដ្រូន kamikaze ចំនួន ២,០០០គ្រឿងផងដែរ ដែលមួយចំនួននឹងត្រូវប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន។
យ៉ាងណាមិញ មន្ត្រីអ៊ុយក្រែនបានប៉ាន់ប្រមាណថា យន្តហោះដ្រូនចន្លោះពី ១០០,០០០គ្រឿង ទៅ ១២០,០០០គ្រឿង គឺជាតម្រូវការរៀងរាល់ខែ ខណៈតម្រូវការគ្រាប់កាំភ្លើងធំ មានពី ២០០,០០០ ទៅ ២៥០,០០០គ្រាប់ក្នុងមួយខែ សម្រាប់ការវាយលុកទ្រង់ទ្រាយធំ ឬ៧៥,០០០ ទៅ ៩០,០០០គ្រាប់ សម្រាប់ការការពារខ្លួន នេះបើយោងតាមការពិនិត្យឡើងវិញរបស់វិទ្យាស្ថាន សម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS)៕