ម៉ូស្គូ៖ សង្គ្រាមនៅអ៊ុយក្រែនបានឈានចូលដល់ខែទីបួនហើយ ដោយមិនមានសញ្ញាបញ្ចប់ឡើយ។ តើរុស្ស៊ីអាចបន្តការវាយលុករបស់ខ្លួនបានទេ? សង្គ្រាមត្រូវចំណាយខ្ពស់ខ្លាំងណាស់ លើសពីការស្លាប់ និងការបំផ្លិចបំផ្លាញ ខណៈដែលការចំណាយលើការដំឡើងយុទ្ធនាការយោធាក៏ធំធេងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន DW នៅថ្ងៃទី១១ មិថុនា ២០២២។
រថក្រោះ កាំជ្រួច និងប្រេងឥន្ធនៈ មិនមែនរួមបញ្ចូលអំពីការផ្តល់អាហារដល់កងទ័ពទេ តែគេជឿជាក់ថា រុស្ស៊ីចំណាយប្រាក់រហូតដល់ ៩០០លានអឺរ៉ូក្នុងមួយថ្ងៃក្នុងសង្គ្រាមអ៊ុយក្រែន។ ជាក់ស្តែង កងកម្លាំងរុស្ស៊ីបានបាញ់កាំជ្រួចរាប់ពាន់គ្រាប់។ មនុស្សជាច្រើនបានប៉ាន់ប្រមាណថា រុស្ស៊ីបានចំណាយជាង ១លានអឺរ៉ូទៅលើការខាតបង់ផ្នែកសម្ភារៈយោធា។
ក្រុមអ្នកវិភាគនិយាយថា កងកម្លាំងអ៊ុយក្រែនបានបំផ្លាញរថក្រោះរុស្ស៊ីអស់រាប់រយគ្រឿង។ រថក្រោះទាំងនោះត្រូវបានគេនិយាយថា ត្រូវចំណាយយ៉ាងហោចណាស់មួយលានអឺរ៉ូក្នុងមួយគ្រឿង ប៉ុន្តែការពន្លិចនាវាចម្បាំង moskva ដោយកងទ័ពអ៊ុយក្រែនក្នុងសមុទ្រខ្មៅមានតម្លៃថ្លៃជាងនេះទៅទៀត ដែលត្រូវបានគេប៉ាន់ប្រមាណថា បានធ្វើឱ្យរុស្ស៊ីចំណាយប្រាក់រហូតដល់ជាង ៧០០លានអឺរ៉ូ។
យ៉ាងណាមិញ តម្លៃប្រេងដែលឡើងថ្លៃគួរឲ្យភ្ញាក់ផ្អើលកំពុងផ្តល់ប្រាក់ចំណូលដល់រុស្ស៊ី ដើម្បីចំណាយក្នុងសង្គ្រាមនេះ។ ជាមួយគ្នានេះ អ្នកវិភាគបាននិយាយថា លទ្ធភាពលក់ប្រេង និងហ្គាសរបស់វិមានក្រឹមឡាំង នឹងអនុញ្ញាតឱ្យខ្លួនផ្តល់ហិរញ្ញប្បទានដល់ការប្រយុទ្ធមួយរយៈពេល។
ជាមួយគ្នានេះ លោក ស៊ែរហ៊ី ហ្គៃដៃ អភិបាលតំបន់លូហាន់បានគូសបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនបានដកថយ បន្ទាប់ពីរុស្ស៉ីបានចាប់ផ្តើមវាយបកដោយការបាញ់ផ្លោង និងការវាយប្រហារតាមអាកាស។ លោកថា ជនស៊ីវិលប្រហែល ១៥,០០០នាក់នៅតែស្ថិតក្នុងទីក្រុង ស៊ីវីយ៉េរ៉ូដូណេត និងទីក្រុងក្បែរគ្នា លីស៊ីឆាន់៕RT