វ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានបញ្ឈប់បុគ្គលិកផ្នែកសូហ្វវែរ សេវាកម្ម និងវិស្វកម្ម ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនប៉ុន្មាននោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន Electrek នៅថ្ងៃទី០៥ ឧសភា ២០២៤។
ដំណឹងនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុនដែលដឹកនាំដោយលោក Elon Musk បានរំលាយនាយកដ្ឋានផ្នែកសាកថ្មឡានអគិ្គសនីរបស់ខ្លួន បន្ទាប់ពីការប្រកាសរបស់ Tesla កាលពីខែមុនថា ខ្លួនកំពុងកាត់បន្ថយកម្លាំងពលកម្មទូទាំងពិភពលោកជាង ១០ភាគរយ។
កន្លងមក ក្រុមហ៊ុន Tesla បានបញ្ជាក់នៅក្នុងការជូនដំណឹងកាលពីខែមុនថា ខ្លួននឹងបញ្ឈប់បុគ្គលិកជាង ៦,៧០០នាក់នៅទូទាំងទីតាំងរបស់ខ្លួនក្នុងរដ្ឋតិចសាស់ កាលីហ្វ័រញ៉ា ណេវ៉ាដា និងញូវយ៉ក។ Tesla បានស្ថិតនៅក្រោមសម្ពាធ ដោយសារការលក់ធ្លាក់ចុះ និងសង្រ្គាមតម្លៃ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តអគ្គិសនី។
ក្រុមអ្នកវិភាគបាននិយាយថា Tesla កំពុងផ្តោតសំខាន់លើកម្មវិធីបើកបរស្វ័យប្រវត្តិ និងមនុស្សយន្ត Optimus របស់ខ្លួន ហើយលោក Musk អាចនឹងកាត់បន្ថយការចំណាយរបស់ខ្លួនលើក្រុមបុគ្គលិកមួយចំនួន ដើម្បីរក្សាសាច់ប្រាក់សម្រាប់គម្រោងទាំងនោះ។
យ៉ាងណាមិញ ក្រុមហ៊ុន Tesla ក៏បានលាតត្រដាងកាលពីខែមុនដែរថា ខ្លួនរំពឹងថា នឹងសន្សំប្រាក់បានជាង ៣៥០លានដុល្លារនៅក្នុងត្រីមាសទីពីរឆ្នាំនេះ ជុំវិញផែនការបញ្ឈប់បុគ្គលិក៕RT